អាជ្ញាធរថៃកំពុងបញ្ជូនពលករខ្មែរខុសច្បាប់រាប់រយនាក់ មកទម្លាក់នៅក្រុងប៉ោយប៉ែត
FN ៖ យប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ ពលករខ្មែរ ដែលលួចឆ្លងដែនតាមច្រករបៀងខុសច្បាប់ ទាំងចាស់ក្មេង រួមទាំងកុមារតូចៗរាប់រយនាក់ ត្រូវបានអាជ្ញាធរថៃដឹកមកទម្លាក់ចោលនៅច្រកព្រំដែនប៉ោយប៉ែត។ បើទោះបីជាយ៉ាងណា ការដឹកនាំមកទម្លាក់នេះ គឺអាជ្ញាធរថៃបានជូនដំណឹងមកភាគីកម្ពុជាហើយក៏មានការរង់ចាំទទួលពលករទាំងនោះពីសំណាក់អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ផងដែរ។ បើតាមអាជ្ញាធរក្រុងប៉ោយប៉ែត បានឲ្យដឹងថា ពលករដែលអាជ្ញាធរថៃបញ្ជូនមកនេះមានចំនួនសរុបជាង ១ពាន់នាក់ ហើយពួកគេនឹងត្រូវបញ្ជូនមកចាប់ពីយប់ថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ ក្រុមពលករដែលអាជ្ញាធរបញ្ជូនត្រឡប់មកវិញនេះ គឺមកស្ទើរតែពីគ្រប់ខេត្តទាំងអស់។ ក្រុមពលករដែលត្រូវអាជ្ញាធរថៃ ដឹកមកទម្លាក់នៅក្រុងប៉ោយប៉ែត បានប្រាប់ក្រុមអ្នកព័ត៌មានថា ពួកគេត្រូវបានក្រុមមេខ្យល់នាំចូលទៅប្រទេសថៃ តាមច្រករបៀងជាថ្នូរនឹងការបង់ប្រាក់ប្រមាណ ៧០ដុល្លារអាមេរិក៕