សម្ដេចតេជោ ហ៊ុន សែន ប្រកាសនៅលើ Facebook ដែលមានមនុស្សជាង៧លាននាក់ថា «គណបក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ, ចូលរួមដង្ហែបក្សយើងទាំងអស់គ្នា»
FN ៖ នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧នេះ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើ Facebook របស់សម្ដេចដែលមានមនុស្សជាង៧លាននាក់ថា «បក្សប្រជាជនកម្ពុជា គឺជាបក្សឈ្នះ! ចូលរួមដង្ហែរបក្សយើងទាំងអស់គ្នា!»។ ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឲ្យសមាជិក សមាជិការគណបក្ស រួមទាំងបងប្អូនដែលស្រឡាញ់សន្តិភាព និងការរីកចម្រើន សូមចូលរួមដង្ហែរបក្សប្រជាជនកម្ពុជាយើងឲ្យ បានច្រើនកុះករទាំងអស់គ្នា! ទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកម្ពុជា! បក្សយើងឈ្នះ គឺប្រជាជនកម្ពុជាទូទាំងប្រទេសឈ្នះ!។ បន្ថែមពីនេះ សម្ដេច ហ៊ុន សែន បានលើកឡើងថា «យើងបោះឆ្នោតឲ្យ (គណបក្សប្រជាជនកម្ពុជា) ព្រោះបក្សយើងបានកសាងប្រទេសជាតិឲ្យរីកចម្រើនពិតៗ គឺយើងឃើញនឹងភ្នែកទាំងអស់គ្នា។ មិនមែនគ្រាន់តែសន្យាកោកៗតាមមីក្រូទេ! បើគ្រាន់តែសន្យាខ្យល់ (មិនច្បាស់ មិនពិត) គឺយើងមិនអាចជឿទុកចិត្តបានឡើយ! ស្អែកនេះ យើងចូលរួមដង្ហែបក្សយើង ដើម្បីទទួលជ័យជំនះនៅថ្ងៃបោះឆ្នោតខាងមុខនេះជាបន្តទៀត!»។ សូមជម្រាបថា ថ្ងៃនេះជាយុទ្ធនាការឃោសនាបោះឆ្នោតដំបូង គេសង្កេតឃើញថា ថ្នាក់ដឹកនាំ ក៏ដូចសមាជិករបស់គណបក្សប្រជាជនកម្ពុជា ហាក់បីដូចជាសស្រាក់សស្រាំ ជាមួយនឹងការធ្វើយុទ្ធនាការនេះណាស់៕