FN ៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា សហគមន៍អឺរ៉ុប ពិសេសសហព័ន្ធអាល្លឺម៉ង់ បានបង្ហាញឆន្ទៈថា រដ្ឋាភិបាលរបស់ខ្លួននៅតែបង្កើនការនាំចូលផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជាដដែល ហើយរហូតមកដល់បច្ចុប្បន្ននេះ ទំហំទឹកប្រាក់ដែលអាល្លឺម៉ង់ទិញផលិតផលទាំងនេះពីកម្ពុជា បានកើនឡើងជាង ១,០០០លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្រោយពីបញ្ចប់ជំនួបជាមួយលោក Ingo Karsten ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអាល្លឺម៉ង់ ទាក់ទងទៅនឹងការអភិវឌ្ឍលក្ខខ័ណ្ឌការងារ ក៏ដូចជាការកសាងសមត្ថភាពលើផ្នែកអធិការកិច្ចការងារ នៅតាមរោងចក្រសហគ្រាសដែលផលិតទំនិញ សម្រាប់នាំចេញទៅសហគមន៍អឺរ៉ុប ក៏ដូចជាសហព័ន្ធអាល្លឺម៉ង់ផងដែរ នៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
លោក អ៊ិត សំហេង ថ្លែងយ៉ាងដូច្នេះថា «អាល្លឺម៉ង់នៅតែកំណត់ថា គាត់នៅតែជាប្រទេសដែលនាំចូលផលិផលពីកម្ពុជា មិនមានការកាត់បន្ថយអ្វីទេ មានតែការបង្កើន»។
ក្នុងជំនួបនេះ លោករដ្ឋមន្រ្តីបានជម្រាបប្រាប់លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែផ្ដល់អាទិភាពទៅលើវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ពិសេសចាប់ពីពេលនេះរហូតដល់រយៈពេល១០ឆ្នាំខាងមុខ វិស័យមួយនេះនៅតែដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ឱកាសការងារដ៏សន្ធឹកសន្ធាប់ដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី ជាមួយលក្ខខ័ណ្ឌការងារល្អប្រសើរ និងតាមរយៈការនាំចេញផលិតផលទៅលក់នៅក្រៅប្រទេស។
ក្នុងចំណោមប្រទេសដែលនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង កម្ពុជានៅតែមានកិត្តិនាមល្បីល្បាញសម្រាប់អ្នកប្រើប្រាស់ ពោលឲ្យតែឃើញផលិតផលដែលនាំទៅពីកម្ពុជា ពួកគេរីករាយក្នុងការទិញផលិតផលទាំងនោះយកទៅប្រើប្រាស់ ដូច្នេះអ្នកបញ្ជាទិញមិនអាចបោះបង់ការបញ្ជាទិញផលិតផលពីកម្ពុជាបានឡើយ មានតែបង្កើនការបញ្ជាទិញបន្ថែមទៀត។
លោកបានជម្រាបបន្តថា ក្នុងនាមជាប្រទេសផលិត កម្ពុជាក៏នៅតែពង្រឹងទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ ពង្រឹងការអនុវត្តច្បាប់ការងារ និងបទដ្ឋានគតិយុត្តនានា ពិសេសបន្តអនុវត្តនយោបាយពាណិជ្ជកម្មដោយផ្សារភ្ជាប់ទៅនឹងលក្ខខ័ណ្ឌការងារ លើកកម្ពស់សុខមាលភាពនៅកន្លែងធ្វើការ សេរីភាពអង្គការវិជ្ជាជីវៈ បង្កើនផលិតភាពបន្ថែម ក៏ដូចជាសម្រួលជីវភាពរស់នៅរបស់កម្មករ-កម្មការិនីកម្ពុជាផងដែរ។
លោក Ingo Karsten បានឆ្លើយតបវិញថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ពិតជាមានការពេញចិត្តយ៉ាងខ្លាំង ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពង្រឹងទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ ពង្រឹងការអនុវត្តច្បាប់ បន្តអនុវត្តនយោបាយពាណិជ្ជកម្ម លើកកម្ពស់សុខមាលភាពនៅកន្លែងធ្វើការ សម្រួលលក្ខខ័ណ្ឌការងារ និងសេរីភាពអង្គការវិជ្ជាជីវៈ បន្តបង្កើនផលិតភាព និងជីវភាពរស់នៅរបស់កម្មករ-កម្មការិនី។
សូមជម្រាបថា រហូតមកដល់ពេលបច្ចុប្បន្ន ទំហំទឹកប្រាក់ដែលអាល្លឺម៉ង់ទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជានោះ បានកើនឡើងរហូតដល់ជាង ១,០០០លានដុល្លារអាមេរិក៕