គ.ជ.ប ទទួលបានបណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងបណ្ដឹងសុំឲ្យដាក់ពិន័យ ៧១បណ្ដឹង ក្រោយចេញលទ្ធផលបឋមនៃការបោះឆ្នោត
FN ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ គណបក្សនយោបាយធំៗ បានដាក់ពាក្យបណ្តឹងចំនួន ៧១បណ្ដឹង តាមរយៈថ្នាក់ក្រោមជាតិរបស់ខ្លួន ដែលមានគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) និងគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (PEC) ដែលបានប្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញ និងប្ដឹងសុំឱ្យដាក់ពិន័យចំពោះអ្នកប្រព្រឹត្តល្មើស។ បើតាម គ.ជ.ប ក្រោយការផ្សាយលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ គ.ជ.ប បើកសិទ្ធិឲ្យតំណាងគណបក្សនយោបាយ ប្តឹងតវ៉ាទៅនឹងលទ្ធផលបឋម និងក្រៅផ្លូវការនេះបាន។ ការបិទផ្សាយលទ្ធបណ្តោះអាសន្ន នៅគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (SEC) គឺធ្វើឡើងចាប់ពីថ្ងៃទី០៥-០៧ ខែមិថុនា ឆ្នាំ២០១៧។ គ.ជ.ប បានឲ្យដឹងថា បណ្ដឹងសុំរាប់សន្លឹកឆ្នោតឡើងវិញមានចំនួន ២៨បណ្ដឹង ក្នុងនោះគណបក្សសង្គ្រោះជាតិ បានប្ដឹងចំនួន ១០បណ្ដឹង និងគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៨បណ្ដឹង ដែលគណបក្សធំៗទាំងពីរ បានប្ដឹងសុំឲ្យសន្លឹកឆ្នោតឡើងវិញ នៅការិយាល័យចំនួន ៤៧ការិយាល័យ។ ចំណែកបណ្ដឹងសុំឲ្យដាក់ពិន័យលើអ្នកប្រព្រឹត្តល្មើសនឹងច្បាប់បោះឆ្នោត មានចំនួន ៤៣បណ្ដឹង ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានប្ដឹងចំនួន ១៩បណ្ដឹង…