ទីស្តីការគណៈរដ្ឋមន្រ្តី ប្រកាសអំពីលទ្ធផលផ្លូវការ នៃកិច្ចប្រជុំពេញអង្គ នាថ្ងៃសុក្រនេះ
FN ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តលើសេចក្តីព្រាងចំនួន។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាពក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃលទ្ធផលកិច្ចប្រជុំទីស្តីការគណៈរដ្ឋមន្រ្តី៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃសុក្រ ទី ២៤ ខែ មីនា ឆ្នាំ ២០១៧ នៅព្រឹកថ្ងៃសុក្រទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង៨ និង៣០នាទី នៅវិមានសន្តិភាព មានបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៥ ដើម្បីឆ្លង៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ ២៖ សេចក្តីព្រាងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។ ៣៖ បញ្ហាផ្សេងៗ។ ក្រោយពីបានស្តាប់របាយការណ៍ និងមតិពិភាក្សាផ្លាស់ប្តូរយោបល់រួចមក អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចអនុម័ត៖ ១៖ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម។ សេចក្តីព្រាងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មមានគោលបំណងការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានចំពោះឧស្សាហកម្មកម្ពុជាបណ្តាលមកពីការធ្វើពាណិជ្ជកម្មនាំចូលដោយមិនស្មោះត្រង់ និងការនាំចូលដោយគំហុក ដោយប្រើប្រាស់វិធានការឧបាស្រ័យពាណិជ្ជកម្ម…