កម្ពុជាប្រមូលចំណូលពន្ធបានជាង២ពាន់លានដុល្លារ នៅរយៈពេល១១ខែ ឆ្នាំ២០១៨ លើសផែនការកំណត់ !
FN ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល១១ ខែឆ្នាំ២០១៨នេះ ខ្លួនប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៨,២២២.៨៧ប៊ីលានរៀល ដែលស្មើប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក ស្មើនឹង១០៦.៨៨% នៃផែនការ ដែលក្នុងនោះទំហំចំណូលលើសផែនការមានចំនួន ៥២៩.៣៧ប៊ីលានរៀល ស្មើប្រមាណជា ១៣២.៣៣លានដុល្លារអាមេរិក។ ការបង្ហាញពីចំណូលពន្ធនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធ ប្រចាំខែវិច្ឆិកា ឆ្នាំ២០១៨ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពរបស់ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។ ថ្លែងក្នុងកិច្ចប្រជុំនោះ លោក គង់ វិបុល បានបង្ហាញថា ក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ លទ្ធផលប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ ទទួលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល Online របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៥០.០២ ប៊ីលានរៀល ស្មើប្រមាណជា១៨៧.៥០លានដុល្លារអាមេរិក។ លោកអគ្គនាយកបានបញ្ជាក់ទៀតថា «សរុបក្នុងរយៈពេល១១ខែ ឆ្នាំ២០១៨ ចំណូលពន្ធ-អាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបចំនួន ៨,២២២.៨៧ប៊ីលានរៀល (ប្រមាណ ២,០៥៥.៧១លានដុល្លារអាមេរិក) ស្មើនឹង១០៦.៨៨%…