កម្ពុជា និងប៊ុលហ្ការី ចុះលើឯកសារសំខាន់ៗចំនួន៣ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ

FN ៖ កម្ពុជា និងប៊ុលហ្ការី បានសម្រេចចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៣បន្ថែមទៀត ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរថែមទៀត។ ពិធីសារទាំង៣ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប៊ួយកូ បូរីសូវ (Boyko Borissov) នាយករដ្ឋមន្ត្រីប៊ុលហ្ការី នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ ឯកសារសំខាន់ៗទាំង៣ ដែលបានចុះហត្ថលេខានេះរួមមាន៖ ទី១៖ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកទេស រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលប៊ុលហ្ការី ទី២៖ កម្មវិធីសម្រាប់ កិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងក្រសួងវប្បធម៌ប៊ុលហ្ការី ទី៣៖ អនុស្សារណ:យោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានការទូត នៃក្រសួងការបរទេសប៊ុលហ្ការី។ ក្នុងសន្និសីទរួមគ្នាក្រោយពិធីចុះហត្ថលេខានេះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចុះហត្ថលេខាលើឯកសារទាំងនេះ បង្ហាញនូវការប្តេជ្ញាចិត្តបន្ថែមក្នុងការពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការរវាងកម្ពុជា និងប៊ុលហ្ការី។ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យមន្ត្រីនៃប្រទេសទាំងពីរសិក្សាពិនិត្យលទ្ធភាពលើវិស័យដទៃទៀត…

ប៊ុលហ្ការី ផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់និស្សិតកម្ពុជា

FN ៖ នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) បានសម្រេចផ្តល់អាហារូបករណ៍១០កន្លែង ជូននិស្សិតកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សំណើ និងការសម្រេចនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និង លោក ប៊ួយកូ បូរីសូវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ ប្រទេសប៊ុលហ្ការី ជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយចំនួនទៀត ដែលបានគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៨០ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ បើទោះបីពេលនោះមានប្រទេសជាច្រើនដាក់ទណ្ឌកម្មលើកម្ពុជាក៏ដោយនោះ។ ប៊ុលហ្ការី ក៏ជាប្រទេសបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជានាពេលនោះផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ២០០កន្លែង។ មកដល់បច្ចុប្បន្ននិស្សិតទាំងនោះបាននិងកំពុងបម្រើការងារផ្សេងនៅតាមស្ថាប័នរដ្ឋផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីប៊ុលហ្ការី ដែលបានសម្រេចផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ ជាការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕