FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូ បានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងសូហ្វីយ៉ា ប្រទេសប៊ុលហ្ការីហើយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីនាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) នៅវិមានរដ្ឋាភិបាលក្នុងទីក្រុងសូហ្វីយ៉ា។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងសមភាគីនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានអញ្ជើញជួបប្រជុំចង្អៀត និងកិច្ចប្រជុំកំពូលទ្វេភាគី ក្នុងបរិយាកាសស្និទ្ធស្នាលរ៉ាក់ទាក់បំផុត។ ក្នុងជំនួបកំពូលដ៏មានសារសំខាន់នោះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ប៊ុលហ្ការី បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើវិស័យនានា នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងពិភពលោក ដែលជាប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ ជាមួយគ្នានេះថ្នាក់ដឹកនាំទាំងពីរក៏បានបង្ហាញពីការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលធ្លាប់បានផ្តល់ជំនួយ និងការគាំទ្រដ៏ឧត្តុង្គឧត្តមជូនកម្ពុជាក្នុងអំឡុងពេលដ៏លំបាក បន្ទាប់ពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុលពត។ ពិសេសអរគុណចំពោះការបញ្ជូនកងកម្លាំង មួកខៀវប៊ុលហ្ការី ក្នុងប្រតិបត្តិការអ៊ុនតាក់នៅកម្ពុជា កាលពីដើមឆ្នាំ១៩៩០។
សម្តេចតេជោ បានមានប្រសាសន៍ទៀតថា ការបើកឲ្យដំណើរការឡើងវិញនូវស្ថានទូតកម្ពុជា នៅទីក្រុងសូហ្វីយ៉ាក្នុងឆ្នាំ២០១៩នេះសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ថាមវ័ន្តបន្ថែមដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្អែកលើគោលការណ៍ប្រយោជន៍រួម ការគោរពគ្នាទៅវិញទៅមក ការទុកចិត្តគ្នាទៅវិញទៅមក និងភាពស្មើគ្នា។
សម្តេចតេជោបន្តថា ការបើកស្ថានទូតឡើងវិញនេះ ក៏ជាទទួលស្គាល់ពីសារសំខាន់ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច។
ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានបង្ហាញពីការ ពេញចិត្តចំពោះការចុះហត្ថលេខាលើអនុស្សារណ:យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ ទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីឆ្នាំកន្លងទៅ ដែលសំដៅជំរុញទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន និងការផ្លាស់ប្តូរអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការពង្រីកលំហូរនៃអ្នកទេសចរណ៍រវាងប្រទេសទាំងពីរ និងការជួយគ្នាក្នុងការសម្របសម្រួលបញ្ហាទាក់ទិននឹងការផ្លាស់ប្តូរអ្នកទេសចរណ៍ នៃប្រទេសទាំងពីរ។ ជាមួយគ្នានេះ ភាគី ទាំងពីរ បានឯកភាពគ្នាពង្រីកទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ ដោយជំរុញឲ្យមានការផ្លាស់ប្តូរ វប្បធម៌ចម្រុះ រវាងប្រជាជននៃប្រទេសទាំងពីរ និងបានស្វាគមន៍ចំពោះការចុះហត្ថលេខាលើកម្មវិធី ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ រវាងក្រសួងវប្បធម៌ប៊ុលហ្ការី និងក្រសួងវប្បធម៌ និងវិចិត្រសិល្បះ កម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២១។
សម្រាប់វិស័យអប់រំវិញ មេដឹកនាំនៃប្រទេសទាំងពីរបានផ្តល់ពីសារសំខាន់ ចំពោះការអភិវឌ្ឍធនធានមនុស្ស នៃប្រទេសទាំងពីរ។ ក្នុងនោះសម្តេចតេជោនាយករដ្ឋមន្រ្តី បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលកន្លងមកបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅប៊ុលហ្ការី និងសង្ឃឹមថា មានអាហារូបករណ៍បន្ថែមទៀត ដល់សិស្ស និស្សិតកម្ពុជា នាពេលអនាគត ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានគាំទ្រដល់ទំនាក់ទំនងរវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាមួយនិងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលអាចជំរុញបន្ថែមនូវ កិច្ចសហប្រតិបត្តិការវាងកម្ពុជា និងប៊ុលហ្ការី។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរាបជូនដល់សមភាគីប៊ុលហ្ការីថា រដ្ឋសភាកម្ពុជាទើបតែបានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-ប៊ុលហ្ការី ក្នុងគោលបំណងផ្តើមឲ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ពិសេសភាគីទាំងពីរបានឯកភាពគាំទ្រឲ្យមាន ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីប៊ុលហ្ការី បានបង្ហាញពីជំនឿទុកចិត្តចំពោះលទ្ធផល នៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី នៅសាធារណរដ្ឋប៊ុលហ្ការី ដែលបានរួមចំណែកក្នុងការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យ រវាងកម្ពុជានិងប៊ុលហ្ការី ក្នុងបណ្តាឆ្នាំខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញឯកឧត្តមនាយករដ្ឋមន្រ្តីប៊ុលហ្ការី បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។ លោកនាយករដ្ឋមន្រ្តី ប៊ុល ហ្ការី បានទទួលយកនូវការអញ្ជើញនេះ ប្រកបដោយសេចក្តីសាមនស្សរីករាយបំផុត៕