ដកស្រង់សេចក្ដីអធិប្បាយ, ពិធីបិទវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីអាស៊ាន
ឯកឧត្តមនាយករដ្ឋមន្រ្តី ង្វៀន ស៊នហ្វ៊ុក ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី! អម្បាញ់មិញ យើងបាននិយាយរួចហើយនូវវេទិកាសេដ្ឋកិច្ចពិភពលោក នៅពេលនេះបានឈានដល់ទីបញ្ចប់ ជាមួយនឹងជោគជ័យដែលយើងបានរួមគ្នាបង្កើតឡើង។ ហើយនេះ ក៏បង្ហាញពីភាពសុខដុមរមនានៅក្នុងក្របខណ្ឌអាស៊ាន ហើយដែលនោះហើយ ជាថាមពលធំបំផុតរបស់តំបន់របស់យើង។ ខ្ញុំរីករាយ ជាមួយនឹងការអញ្ជើញចូលរួមពីសំណាក់បណ្ដាមិត្តភក្ដិទាំងអស់ ដែលបានអញ្ជើញមកកាន់ទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមជាមួយ បង្ហាញឲ្យឃើញថា ពេលនេះយើងបានធ្វើការជាក្រុម នៅក្នុងក្របខណ្ឌអាស៊ានក្តី និងនៅក្នុងការរៀបចំដោយការចូលរួមរបស់អ្នកទាំងឡាយ ដែលចូលរួមនៅក្នុងវេទិកាដ៏ធំនេះ។ ហើយខ្ញុំសង្ឃឹមថា វេទិកាសេដ្ឋកិច្ចពិភពលោករបស់យើងនេះ នឹងក្លាយទៅជាវេទិកាដ៏សំខាន់ ដើម្បីរារាំងនៅនយោបាយគាំពារនិយម, ដែលនឹងពង្រីកនូវស្មារតីសមាហរណកម្ម ក៏ដូចជា សាកលភាវូបនីយកម្ម។ អរគុណចំពោះអ្នកចូលរួមទាំងអស់ ដែលបានប្រឹងប្រែងហើយផ្តល់នូវកិត្តិយសឲ្យកម្ពុជា ដើម្បីធ្វើជាម្ចាស់ផ្ទះ សូមជូនពរឯកឧត្តម លោកជំទាវ ទទួលបានសេចក្តីសុខ សេចក្តីចម្រើន៕ សូមអរគុណ!