FN ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរួចហើយ ក្នុងការកំណាត់យកផ្លូវធំៗចំនួន១១ នៅក្នុងរាជធានីភ្នំពេញ ជាអទិភាពមុនគេដើម្បីរៀបចំសណ្តាប់ធ្នាប់ ខណៈដែលកំណាត់ផ្លូវជាច្រើន ត្រូវបានប្រជាពលរដ្ឋមួយចំនួនណានោះ បានរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន មិនខ្វល់ខ្វាយ ពីការកកស្ទះចរាចរណ៍នោះ។
អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងថា ចំពោះការសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញបែបនេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំនៃការពង្រឹកសន្តិសុខ សណ្តាប់ធ្នាប់រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយមានការចូលរួម ពីឧត្ដមសេនីយ៍ តំណាងស្នងការនគរបាលរាជធានី មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌទាំង១២ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្រោយចប់កិច្ចប្រជុំនោះលោក ម៉េត មាសភក្តី បានបញ្ជាក់ថា «កិច្ចប្រជុំខាងលើនេះ លោកអភិបាលរាជធានីភ្នំពេញ បានផ្តោតសំខាន់ទៅលើការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ពោលគឺបន្ទាប់ពីស្តាប់របាយការណ៍របស់លោកអភិបាលខណ្ឌទាំង១២ហើយនោះ អង្គប្រជុំក៏បានពិភាក្សាពីភាពលំបាក បញ្ហាប្រឈមនានាផងដែរ។ ប៉ុន្តែទោះបីជា មានបញ្ហាប្រឈម និងលំបាកយ៉ាងក្តីលោកអភិបាល នៅតែជំរុញការរៀបចំសណ្តាប់ធ្នាប់សាធរាណៈនេះឲ្យបាន ព្រោះវាជាកង្វល់របស់ប្រជាពលរដ្ឋ»។
លោកបន្តថា លោកអភិបាលបានសម្រេចយកផ្លូវធំៗចំនួន១១ ជាអត្តិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះសីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្សី ម៉ៅសេទុង កម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដើហ្គោល ផ្លូវ២៧១ និងផ្លូវលេខ៧០។ល។
បើតាមលោក ម៉េត មាសភក្តី «ក្នុងកិច្ចប្រជុំនោះ លោកអភិបាលបានលើកឡើងថា មិនមែនធ្វើតែ១១ផ្លូវខាងលើ ហើយផ្លូវផ្សេងទៀត មិនយកចិត្តទុកដាក់ធ្វើនោះទេ ដោយយើងត្រូវធ្វើជាជំហានៗ។ ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយ ណែនាំ មិនឱ្យពួកគាត់យកចំណីផ្លូវ នៅមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម ដោយមិនទុកឲ្យមានផ្លូវថ្មើរជើង ណែនាំម្ចាស់អាជីវកម្ម ដែលយកចំណីផ្លូវធ្វើជាចំណត រថយន្ត និងម៉ូតូរបស់ពួកគាត់ ដែលទង្វើទាំងនេះធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ង ទៅលើសណ្តាប់ធ្នាប់សាធារណៈ។ កិច្ចការងារនេះ យើងនឹងឈានទៅឲ្យម្ចាស់អាជីវកម្មធ្វើកិច្ចសន្យា ជាមួយអាជ្ញាធដើម្បីឲ្យពួកគាត់បានយល់ដឹងជាមុន មុននិងយើងអនុវត្តវិធានការណ៍រដ្ឋបាល»។
ក្នុងនោះលោកអភិបាលរាជធានីភ្នំពេញ បានអះអាងថា ទន្ទឹមនឹងការមានវិធានការណ៍បែបនេះ របស់រដ្ឋបាលរាជធានី គឺមិនមែនមានន័យថា ជាការបន្ទុចបង្អាក់ចរន្តនៃការធ្វើអាជីវកម្ម សេដ្ឋកិច្ចនោះទេ គឺសេដ្ឋកិច្ចនៅតែមានសកម្មភាព ហើយបញ្ហាសណ្ដាប់ក៏ត្រូវតែល្អផងដែរ។ ប៉ុន្តែយើងក៏មិនអាចឲ្យការធ្វើអាជីវកម្មរបស់បុគ្គលមួយចំនួននោះ ធ្វើឲ្យខូចសណ្តាប់ធ្នាប់សាធារណៈ និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋផ្សេងទៀតនៅក្នុងរាជធានីភ្នំពេញដែរ។
លោកអ្នកនាំពាក្យបញ្ជាក់ទៀតថា ជុំវិញកិច្ចការនេះលោក ឃួង ស្រេង ក៏បានស្នើឲ្យមានការចូលរួមសហការពីអាជ្ញាធដែនដី សង្កាត់ ខណ្ឌ ក៏ដូចជាកម្លាំងនគរបាល មានសមត្ថកិច្ចពិសេស នគរបាលសណ្តាប់ធ្នាប់ ត្រូវសហការជួយជំរុញកិច្ចការងារនេះឲ្យបានជោគជ័យជៀសវាងការមើលបំណាំគ្នា។ គ្រប់គោលដៅដែលបង្កឲ្យ មានការបាត់បង់សណ្តាប់ធ្នាប់ ដាច់ខាតត្រូវតែមានវិធានការណ៍។ ពាក់ព័ន្ធនិងបញ្ហាសណ្តាប់ធ្នាប់នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើសេចក្តីជូនដំណឺងមួយ ដើម្បីពន្យល់ណែនាំ ដល់ម្ចាស់ផ្ទះក៏ដូចជា ម្ចាស់ទីតាំងឲ្យបញ្ឈប់ឬធ្វើការកែរសំរួល ការចត ការលក់ដូរ ដោយគ្មានសណ្តាប់ធ្នាប់នេះឡើងវិញ ហើយសេចក្តីជូនដំណឺងនេះ និងប្រកាសជាសាធារណៈផងដែរ។
អ្នកនាំពាក្យបន្តថា «បន្ថែមពីលើការងារសណ្តាប់ធ្នាប់នេះដែរ លោកអភិបាលរាជធានី ក៏បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ថែម ទៅលើទីតាំងដែលមានការកកស្ទៈខ្លាំង ដើម្បីកាត់បន្ថយការកកស្ទៈឲ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។ ក្រៅពីនេះក៏បានលើកឡើងពីវិធានការណ៍ចំពោះ រថយន្តដឹកអ្នកដំណើរ រថយន្តផ្ទេរទំនិញ រថយន្តក្រឡុកបេតុង ដែលយកទ្រូងផ្លូវធ្វើសកម្មភាពដាក់អ្នកដំណើរ ឬផ្ទេរទំនិញដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់នោះ រដ្ឋបាលរាជធានីភ្នំពេញក៏នឹងមានវិធានការណ៍រដ្ឋបាលផងដែរ មិនអាចទុកឱ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋនោះទេ»៕