សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធនិងចែកសញ្ញាបត្រនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី។ ក្មួយៗនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ជាទីមេត្រី។ ថ្ងៃនេះ យើងមានការរីករាយ ដែលបានធ្វើពិធី ២រួមគ្នា ទី១ សម្ពោធដាក់ឱ្យប្រើប្រាស់នូវអាគារសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី និងទី២ ចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យចំនួន ៨៨៨ នាក់។ (១) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈក្បែរសារមន្ទីជាតិបានកកើតជាង១០០ឆ្នាំមកហើយ ដូចលោកជំទាវ ភឿង សកុណា បានលើកឡើងអម្បាញ់មិញនៅក្នុងរបាយការណ៍របស់គាត់។ ខ្ញុំគួរចាប់ផ្ដើមនិយាយអំពីប្រវត្តិនៃការកកើតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីកន្លែងនេះ។ យើងបានដឹងហើយអំពីប្រវត្តិដែលបានកកើតក្នុងរយៈពេលជាង ១០០ឆ្នាំ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈនៅក្នុងប្រទេសរបស់យើង ដែលសាកលវិទ្យាល័យនោះ ក៏កំពុងស្ថិតនៅឯទីក្រុងភ្នំពេញ ជិតសារមន្ទីរជាតិរបស់យើង ដែលយើងនឹងប្រើប្រាស់បន្តតាមការចាត់ចែងរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ (២) សំណេះសំណាលជាមួយសិល្បៈករ/ការិនី សិស្សមធ្យមសិក្សានៅសាលាក្បែរស្តាតចាស់ ខ្ញុំនៅចាំបានថា ក្នុងជំនាន់អតីតរដ្ឋកម្ពុជា ឯកឧត្តម ឆេង ផុន បានទៅរកទីកន្លែងមួយនៅម្ដុំក្បែរស្ដាតចាស់។ ខ្ញុំក៏ធ្លាប់ទៅកាន់ទីនោះដើម្បីជួបសំណេះសំណាលជាមួយសិល្បករ សិល្បការិនី និងសិស្សមធ្យមសិក្សាផ្នែកវិចិត្រសិល្បៈ។ ក្រោយមក ដោយសារតែយើងខ្វះធនធាន យើងក៏បានផ្ទេរកន្លែងនោះទៅឱ្យវិស័យឯកជន។ យើងទៅបង្កើតកន្លែងថ្មីដើម្បីនឹងដោះដូរ។ ក៏ប៉ុន្តែ ខ្ញុំពិតជាមានការសោកស្ដាយ ដោយសារតែទីកន្លែងដែលបានដោះដូរទៅនោះ ពេលខ្លះវាលិចទឹក ពេលខ្លះកូនសិស្សរបស់យើងត្រូវដើរឆ្លងភក់ទៅរៀន។…