សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់ផ្លូវជាតិលេខ ៣
ធ្វើដំណើរមកទិសខាងលិច តែងតែភ្លៀង ដំបូងអនុញ្ញាតអោយខ្ញុំបានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះក្មួយៗជាកម្មករ/ការិនី ក៏ដូចជាសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ខ្ញុំមិនដឹងថា តើខ្ញុំគួរនឹងស្វាគមន៍ភ្លៀងធ្លាក់ ឬអត់? អោយតែខ្ញុំមកទិសខាងលិច តែងតែភ្លៀងតែម្ដង។ ដូចជាជួបប្រទះ ៤ លើក ទាំងលើកនេះហើយ។ សូម្បីតែខែនេះ ទំលាប់ធម្មតា វាឆ្លងផុតពីខែរងារទៅហើយ ហើយវាបានចូលមកដល់ដំណាក់កាលនៃរដូវរំហើយ ប៉ុន្តែវាមិនត្រជាក់ និងមិនធ្លាក់ភ្លៀងបែបនេះទេ។ មុនពេលដែលខ្ញុំចេញដំណើរមកទីនេះ គេបានប្រាប់ថា នៅទីនេះមិនទាន់មានភ្លៀងធ្លាក់ទេ ប៉ុន្តែនៅឯផ្ទះខ្ញុំនោះ មានភ្លៀងធ្លាក់តាំងពីល្ងាច។ ពេលខ្ញុំមកដល់ទីនេះ ភ្លៀងវាតាមដល់ត្រង់ហ្នឹងទៀត។ ស្ដេចនាគរាជគឺម្យ៉ាង ប៉ុន្តែធាតុអាកាស ទោះបីស្ដេចនាគរាជ ឬស្ដេចតោ ក៏ភ្លៀងនៅតែភ្លៀងអញ្ចឹង។ រាជរដ្ឋាភិបាលកម្ពុជា សូមចូលរួមមរណទុក្ខអ្នកបាត់បង់ជីវិតនៅប្រទេសភីលីពីន ដោយគ្រោះធម្មជាតិ តែនេះវាជាបាតុភូតធម្មជាតិ ដែលប្រទេសរបស់យើងប៉ះស្ថានភាពប៉ុណ្ណេះ មិនមែនជាស្ថានភាពធ្ងន់ធ្ងរទេ បើប្រៀបធៀបទៅនឹងប្រទេសហ្វីលីពីននៅប៉ុន្មានថ្ងៃនេះ ដែលនៅក្នុងពេលនេះ ខ្ញុំសុំយកឱកាសនេះ សំដែងជូនចំពោះរដ្ឋាភិបាលហ្វីលីពីន ក៏ដូចជាប្រជាជនហ្វីលីពីន ដែលបានជួបនូវខ្យល់ព្យុះដ៏កំណាច ហើយដែលឆក់យកជីវិតប្រជាជនរាប់រយនាក់រួចស្រេចទៅហើយ ហើយកំពុងធ្វើការស្ដារឡើងវិញ។ យើងសុំចូលរួមនូវមរណទុក្ខដ៏ក្រៀមក្រំជាមួយបាតុភូតធម្មជាតិដ៏អាក្រក់ ដែលបាតុភូតនៃធម្មជាតិនោះ វាជាប់ពាក់ព័ន្ធជាមួយនឹងបណ្ដាប្រទេសនៅក្នុងតំបន់របស់យើង ហើយជាពិសេសតាំងពីហ្វីលីពីន…