FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១០កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៣,២៣៣នាក់ ដែលក្នុងនោះមាននារី ១,៥០៨នាក់។ ពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលថ្ងៃនេះទទួលបានធនធានមនុស្សជាង ៣ពាន់នាក់ទៀត ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យឈានមុខមួយលើការបណ្តុះបណ្តាល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចក៏មានមោទនភាព ដែលបានរួមគ្នាជម្នះរាល់ឧបសគ្គពីអតីតកាល ដើម្បីបើកសាកលវិទ្យាល័យភូមិន្ទភ្នំពេញឲ្យដំណើរការឡើងវិញ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្នើឲ្យគ្រឹះស្ថានអប់រំឧត្តមសិក្សាមានការពិចារណាធានានិរន្តភាព នៃការសិក្សារបស់និស្សិតក្នុងករណីដែលពួកគេជួបបញ្ហាហើយមិនមានថវិកាបង់ថ្លៃសាលា។ លើបញ្ហានេះ សម្តេចតេជោ ចង់ឲ្យនិស្សិតនោះអាចសិក្សាជំពាក់រហូតដល់បញ្ចប់ការសិក្សា។
* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំថ្នាក់ឧត្តមសិក្សាទាំងអស់នឹងមានសមាណចិត្តជាមួយនិស្សិតរបស់ខ្លួន ហើយជួយដោះស្រាយនូវបញ្ហាប្រឈមរបស់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានការចេះដឹងណាមួយអាចកើតមានដោយការនៅទ្រឹងមួយកន្លែងនោះឡើយ។ ក្នុងន័យនេះសម្តេចនាយករដ្ឋមន្រ្តី បានដាស់តឿនដល់និស្សិតជយលាភីទាំងជាង ៣ពាន់នាក់នៅថ្ងៃនេះត្រូវបន្តប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងរបស់ខ្លួនបន្តទៅមុខទៀត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចធ្លាប់បានសិក្សាវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាភូមិន្ទភ្នំពេញ ហើយការសិក្សានោះហើយបានក្លាយជាមាគ៌ានយោបាយក្នុងការដឹកនាំរបស់សម្តេចរហូតមកដល់ពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបណ្ណាល័យរបស់សម្តេចធំជាង បណ្ណាល័យដែលសាងសង់ដោយធនាគារពិភពលោក តែបែរជាសាងសង់អស់តិចជាងបណ្ណាល័យសាងសង់ ដោយធានគារពិភពលោកទៅវិញ។ បណ្ណាល័យសម្តេចតម្លៃត្រឹមជាង ៤០ម៉ឺន តែបណ្ណាល័យជាជំនួយរបស់ធនាគារពិភពលោកមានថ្លៃរហូតដល់ជាង ១លានដុល្លារ។ បើតាមសម្តេចតេជោ ការថ្លៃខុសគ្នានេះ ក៏ព្រោះតែតម្លៃគូរប្លង់ដោយជនបរទេសមានតម្លៃថ្លៃជាងខ្មែរ។ សម្តេចបញ្ជាក់ បណ្ណាល័យផ្តល់ដោយធនាគារពិភពលោក គេយកជនបរទេសជាអ្នកគូរប្លង់ ដូច្នេះថ្លៃជាងការគូរប្លង់ដោយជនជាតិខ្មែរ។ សម្តេចតេជោថា ជំនួយបរទេស គេយកទៅវិញជាង ៨០ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសដំឡើងថវិកាទ្រទ្រង់បណ្ណាល័យរបស់សម្តេចនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពី៣លានក្នុងមួយខែ ទៅ ១ពាន់ដុល្លារក្នុងមួយខែ។ សម្តេចតេជោថា ការបង្កើនថវិកាទ្រទ្រង់នេះ គឺដើម្បីជំរុញការអាននៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងអប់រំបង្កបរិយាកាសងាយស្រួលសម្រាប់ឲ្យនិស្សិតបានចូលរួមការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាអស់សំណើចណាស់ ដែលគណបក្សរហូតដល់ទៅ២០ចូលរួមប្រកួតប្រជែងបែរជាគេចោទថា ជាអ្នកបំផ្លាញប្រជាធិបតេយ្យទៅវិញ។ សម្តេចតេជោ ហ៊ុន សែន ចោទសួរថា តើអ្នកចូលរួមប្រកួតប្រជែង និងអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត និងបំផ្លាញការបោះឆ្នោត តើនរណាជាអ្នកបំផ្លាញប្រជាធិបតេយ្យ?
* សម្តេចតេជោ ហ៊ុន សែន បានយល់ស្របថា បើការបោះឆ្នោតមានតែមួយគណបក្សនោះទើបជាការប្រព្រឹត្តខុសនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក៏ជាការបំផ្លាញប្រជាធិបតេយ្យផងដែរ តែការបោះឆ្នោតអាណត្តិថ្មីនេះមិនមែនមានតែមួយគណបក្សនោះឡើយ មានរហូតដល់២០គណបក្ស។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅពលរដ្ឋក្រៅប្រទេសថា រាជរដ្ឋាភិបាលមិនហាមឃាត់សិទ្ធិរបស់អ្នកក្នុងការធ្វើសកម្មភាពនោះទេ តែក៏មិនអាចមកហាមឃាត់សិទ្ធិរបស់អ្នកដទៃនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅទណ្ឌិត សម រង្ស៊ី ថា កំពុងធ្វើនយោបាយខុសហើយដែលកំពុងធ្វើសត្រូវជាមួយគណបក្សនយោបាយរហូតដល់ទៅ២០។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំផ្លាញប្រជាធិបតេយ្យគឺអ្នកដែលរារាំងប្រជាពលរដ្ឋមិនឲ្យទៅបោះឆ្នោត អ្នកដែលចង់បំផ្លាញការបោះឆ្នោត។ ដោយឡែកអ្នកដែលប្រឹងប្រែងការពារ និងសម្របសម្រួលឲ្យមានការបោះឆ្នោត គឺជាអ្នកការពារប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា អនុញ្ញាតឲ្យនិស្សិតឈប់សម្រាក៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត ហើយសង្ឃឹមថារថយន្តឈ្នួលនឹងមិនឡើងថ្លៃនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៥ខែហើយ រាជរដ្ឋាភិបាលបានឧបត្ថម្ភទុនជិត ៨៣លានដុល្លារ ដើម្បីទប់កុំឲ្យថ្លៃសាំងឡើងថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨តទៅ ថ្លៃប្រេងនឹងចុះតម្លៃ ១៦០រៀល ដោយក្នុងនោះរដ្ឋជួយចេញ ២សេន និងស្ថានីយប្រេងនានា ២សេន ដើម្បីទប់កុំឲ្យតម្លៃប្រេងឡើងថ្លៃ។ ការជួយអន្តរាគមន៍របស់រដ្ឋនាពេលនេះ ធ្វើឲ្យរាជរដ្ឋាភិបាលបាត់បង់ថវិកាប្រមាណ ៣០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។ សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ការបញ្ចុះនេះគឺសម្រាប់សាំងទាំងពីរប្រភេទ គឺសាំងធម្មតា និងស៊ុបពែរ។
* សម្តេចតេជោ ស្នើឲ្យក្រសួងពាណិជ្ជកម្មតាមដានឲ្យដិតដល់លើតម្លៃប្រេងនេះ និងស្នើដល់ក្រុមហ៊ុនចែកចាយប្រេងនានា គិតគូរឲ្យបានហ្មត់ចត់លើការលក់ប្រេងរបស់របស់ខ្លួន។ ត្រង់ចំណុចនេះសម្តេចបញ្ជាក់ថា ប្រសិនបើក្រុមហ៊ុនប្រេងនោះ បានទិញប្រេងមកស្តុកទុកពេលតម្លៃប្រេងនៅទាបហើយលក់មិនទាន់អស់ មិនគួរដំឡើងថ្លៃភ្លាមៗនោះទេនៅពេលតម្លៃប្រេងលើពិភពលោកឡើងថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរួមគ្នារវាងរដ្ឋ និងឯកជនលើតម្លៃប្រេងនាពេលនេះ គឺដើម្បីដោះស្រាយនូវបញ្ហា និងកង្វល់របស់ប្រជាពលរដ្ឋលើបញ្ហាតម្លៃប្រេងនេះ។ សម្តេចតេជោ ថ្លែងថា តម្លៃប្រេងនេះមិនមែនកម្ពុជាជាអ្នកដំឡើងទេ ប៉ុន្តែអង្គការប្រទេសនាំចេញប្រេង OPEC ជាអ្នកកំណត់ថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរដូវបោះឆ្នោតនេះ នឹងមានគណបក្សនយោបាយដទៃឃោសនាដេញថ្លៃប្រេងជាមួយសម្តេច ដោយគេអាចថា តម្លៃប្រេងនឹងចុះថោកជាងនេះបើគណបក្សគេឈ្នះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងឆ្លើយតបទៅនឹងអ្នកគាំទ្រគណបក្សមួយដែលបានចូល Comment នៅក្នុង Facebook របស់សម្តេចកាលពីយប់មិញថា «ថ្នាក់ដឹកនាំគណបក្សមួយ (ដែលសម្តេចមិនទម្លាយឈ្មោះ) គឺរដ្ឋាភិបាលរបស់សម្តេចទេ ជាអ្នកបញ្ជូនទៅរៀននៅអាល្លឺម៉ង់។
* ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដោយសារមានអ្នកគាំទ្រគណបក្សមួយនោះ ចូលទៅធ្វើការប្រៀបធៀបគោលនយោបាយរបស់គណបក្សខ្លួន ជាមួយបក្សប្រជាជនកម្ពុជា នៅលើទំព័រ Facebook របស់សម្តេច។ សម្តេចបានបន្តថា មេដឹកនាំបក្សមួយនោះ ធ្លាប់បានផ្ញើសារអរគុណសម្តេចដែលបានប្រឹងប្រែងរំដោះ ជីវិតរបស់ពួកគេ និងបានបញ្ជូនពួកគេឲ្យទៅសិក្សារហូតបានបណ្ឌិតនៅប្រទេសអាល្លឺម៉ង់។
* ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន ស្នើឲ្យគណបក្សនយោបាយទាំងអស់ ធ្វើខ្លួនឲ្យដូចជាពាណិជ្ជករពោលប្រឹងប្រែងផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនបានហើយ មិនត្រូវបង្អាប់គោលនយោបាយរបស់បក្សគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចសុខចិត្តចាញ់ការលើកឡើងនានារបស់បក្សនយោបាយដទៃ តែការលើកឡើងនោះគ្រាន់តែជាការលើកឡើងលើក្រដាសតែប៉ុណ្ណោះ មិនទាន់បានអនុវត្តន៍ជាក់ស្តែងនៅឡើយនោះទេ។ សម្តេចតេជោ ថ្លែងថា ការដឹកនាំអង្គភាព ឬស្ថប័ននីមួយៗលំបាកណាស់ទៅហើយ ទម្រាំការដឹកនាំប្រទេសជាតិមួយទាំងមូល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចឲ្យតម្លៃលោក ហ្សង់ ហ្វ្រង់ ស្វ័រតាន់ ដែលបានសិក្សាចងក្រងសៀវភៅ ហើយមិនបានអួតអាងខ្លួនជាបណ្ឌិត ឬមហាបណ្ឌិត។