ឯកឧត្តម HIDEHISA HORINOUCHI អគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួម នៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹកពីខ្ញុំព្រះករុណាខ្ញុំ! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៥ ពីព្រែកក្តាមទៅដល់ធ្លាម្អម នៃខេត្តពោធិ៍សាត់ ដែលមានប្រវែង ១៣៥ គីឡូម៉ែត្រ ដែលស្ថិតនៅក្នុងក្របខណ្ឌ នៃផ្លូវជាតិលេខ ៥ ទាំងមូល ពីព្រែកក្តាម ទៅកាន់ប៉ោយប៉ែតជាប់ព្រំប្រទល់ថៃ ដែលមានប្រវែង ៣៧០ គីឡូម៉ែត្រ។ ប្រសិទ្ធពរចំពោះបងប្អូនសាសនិកឥស្លាមក្នុងពិធីបួសរ៉ាម៉ាដន មុននឹងចូលដល់ខ្លឹមសារ ដោយសារតែកាលពីថ្ងៃព្រហស្បតិ៍ កន្លងផុតទៅនេះ បងប្អូនសាសនិកឥស្លាមបានចូលពិធីបួស ដែលហៅថា រ៉ាម៉ាដន ខ្ញុំសុំយកឱកាសនេះ សូមប្រសិទ្ធពរជូនចំពោះបងប្អូន ឥស្លាមទាំងអស់ សូមឱ្យព្រះអាឡោះប្រទានពរជ័យ សម្រាប់បងប្អូននៅក្នុងពិធីបួសនេះ។ ពិតហើយ ពិធីសាសនាខាងព្រះពុទ្ធសាសនាមានច្រើនណាស់ ប៉ុន្តែ ខាងសាសនិកឥស្លាមទើបនឹងចាប់ផ្តើម…