ទូតជប៉ុន គាំទ្រគំនិតផ្ដួចផ្ដើមកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ានម៉ា របស់កម្ពុជា
លោក Mikami Masahiro ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានបញ្ជាក់អំពីការគាំទ្រ និងកោតសរសើរគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការចូលរួមកែលម្អស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា។ ការប្រកាសគាំទ្របែបនេះរបស់ ឯកអគ្គរដ្ឋទូតជប៉ុន ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីពិភាក្សាអំពីការអញ្ជើញ លោកមេបញ្ជាការកងទ័ពជើងគោក ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នាពេលខាងមុខ។ បន្ថែមពីការប្រកាសគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន លោក Mikami Masahiro ក៏បានអះអាងទៀតថា ប្រទេសជប៉ុនប្តេជ្ញាជួយដល់កម្ពុជា ក្នុងការបំពេញភារកិច្ចជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ឲ្យទទួលបានជោគជ័យ។ ក្នុងជំនួបនោះ លោកឯកអគ្គរាជទូត បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលក្នុងនោះ ទំនាក់ទំនងលើវិស័យការពារជាតិ ក៏បានបន្សល់ទុកនូវ អនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ហើយក៏ជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផងដែរ។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន…