សុន្ទរកថាបើកវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងវាសនាតែមួយ»
ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំអង្គការទេសចរណ៍ពិភពលោក សមាគមទសចរណ៍ដៃគូអាស៊ាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ! ជាកិច្ចចាប់ផ្តើម ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះវត្តមានរបស់គណៈ ប្រតិភូជាតិ និងអន្តរជាតិទាំងអស់ ក្នុងវេទិកាទេសចរណ៍អាស៊ាន ២០២២ លើកទី ៤០ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២២ ក្រោមប្រធានបទ “អាស៊ាន៖ សហគមន៍ សន្តិភាព និងវាសនាតែមួយ” នៅខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមធ្វើការវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រតិភូអន្តរជាតិទាំងអស់ ក្នុងការធ្វើដំណើរមកចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ ២០២២ នាពេលនេះ តាមផ្លូវគោក និងផ្លូវអាកាស ទោះជាត្រូវប្រើពេលវេលាវែង និងបំពេញបែបបទធ្វើដំណើរបន្ថែម ក្នុងបរិបទជំងឺកូវីដ-១៩ យ៉ាងណាក្តី។ ការចូលរួមនេះ ពិតជាបានបង្ហាញអំពីឆន្ទៈរួមសាមគ្គីភាព និងមិត្តភាព ក្នុងការអភិវឌ្ឍ និងស្តារវិស័យទេសចរណ៍ឱ្យងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ក្នុងស្មារតីនាំមកនូវវិបុលភាព និងភាពចម្រើនជូនប្រជាពលរដ្ឋអាស៊ាន និងឈានទៅសម្រេចបាននូវចក្ខុវិស័យអាស៊ាន…