សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ន័រតុន
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានមកចូលរួមសារជាថ្មីម្តងទៀត ក្នុងការចែកសញ្ញាបត្រជូននិស្សិតជាជ័យលាភី នៃសាកលវិទ្យាល័យ ន័រតុន ចំនួន ៤,០៧៣ នាក់។ ការជួបជុំរបស់យើងនេះ ធ្វើឡើងនៅមុនពេលផ្តាច់ឆ្នាំចាស់(ផ្លាស់ចូល)ឆ្នាំថ្មី បានសេចក្តីថា ដាច់ឆ្នាំមមែ សប្តស័ក ព.ស ២៥៥៩ ចូលឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០។ មិនដល់មួយខែទៀតទេ សម្លេងស្គរដីរាំវង់នឹងមកដល់សម្រាប់ប្រទេសរបស់យើង។ និស្សិតរបស់យើងថ្ងៃនេះ ក៏បានទទួលនូវសញ្ញាបត្រនៅមុនពេលដាច់ឆ្នាំ ហើយខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា អ្វីដែលយើងធ្វើថ្ងៃនេះ ជាតិរបស់យើងបានទទួលបន្ថែមនូវធនធានមនុស្សចំនួន ៤,០៧៣ នាក់ តាមរយៈនៃការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថាន សាកលវិទ្យាល័យ ន័រតុន របស់យើងនៅទីនេះ។ សាកលវិទ្យាធិការ ចាន់ សុខឃាង បានធ្វើរបាយការណ៍អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ន័រតុន ហើយដែល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង និងវឌ្ឍនភាព នៃសាកលវិទ្យាល័យមួយនេះ។ ជារឿយៗ ខ្ញុំព្រះករុណាខ្ញុំ តែងបានរំលឹកអំពីការចងចាំមួយចំនួន ពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យមួយនេះ អាចចាត់ទុកថាជាសាកលវិទ្យាល័យមុនគេ ដែលខ្ញុំនៅចាំថា នៅពេលចែកសញ្ញាបត្រ…