សម្តេចតេជោ ហ៊ុន សែន ជួបនាយករដ្ឋមន្រ្តីស៊ុយអ៊ែត
នៅល្ងាចថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក Stefan Löfven នាយករដ្ឋ មន្រ្តី នៃប្រទេសស៊ុយអែត (Sweden) នៅ Congress Center, Davos ក្នុងពេលដែលប្រមុខដឹកនាំ នៃ ប្រទេសទាំងពីរអញ្ជើញមកចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង Davos ប្រទេសស្វីស។
លោក Stefan Löfven បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ និងរាជរដ្ឋា ភិបាលកម្ពុជា ដែលបានគាំទ្រ ចំពោះគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ និងរដ្ឋាភិបាលស៊ុយអ៊ែត ស្តីពីការ សន្ទនាកម្រិតសង្គម និង Global Deal Initiative។ បច្ចុប្បន្ននេះ មានប្រទេសជាច្រើនកំពុងមានចរន្ត គាំទ្រគំនិតផ្តួចផ្តើម ស្តីពី Global Deal Initiative។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយ អ៊ែត ដែលបានជួយកម្ពុជាតាំងពីដើមទសវត្សរ៍ ៨០ មក ក្នុងពេលកម្ពុជាជួបប្រទះការលំបាកគ្រប់យ៉ាង។ សម្តេចតេជោ បានស្នើអោយលោកនាយរដ្ឋមន្រ្តី បើកស្ថានអគ្គរដ្ឋទូតរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បី ពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង។ ជាមួយគ្នានេះ សម្តេច តេជោ ក៏បានស្នើភាគីស៊ុយអ៊ែត ពិនិត្យលទ្ធភាពក្នុងការនាំចូលអង្ករពីកម្ពុជា រួមទាំងការលើកទឹកចិត្តដល់ អ្នកវិនិយោគស៊ុយអ៊ែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ ក៏បានស្នើដល់លោក នាយករដ្ឋមន្រ្តីស៊ុយអ៊ែត គាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្រៃ្តយ៍របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ ពិសេសទៅទៀតនោះ គឺសម្តេចតេជោ បានអញ្ជើញលោក
នាយករដ្ឋមន្រ្តីស៊ុយអ៊ែត បំពេញទស្សនកិច្ចនៅក្នុងពេលវេលា ដែលកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភព លោក ស្តីពីអាស៊ាន ក្នុងខែ ឧសភា ឆ្នាំ ២០១៧ នេះ។
ក្នុងកិច្ចសន្ទនាគ្នានេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើសហ ប្រតិបត្តិការទ្វេភាគី, ពហុភាគី, បញ្ហាតំបន់ និងអន្តរជាតិ និងបញ្ហាជនភៀសខ្លួននៅតំបន់អាស៊ី និងអឺរ៉ុប ដែលកំពុងវិវត្តន៍កើតឡើង ដែលមេដឹកនាំអឺរ៉ុប និងអាស៊ាន កំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត៕