សេចក្តីដកស្រង់សង្កថាក្នុងពិធីបុណ្យទន្លេលើកទី ៤
ពិធីបុណ្យទន្លេ លើកទី ៤ ឆ្នាំ ២០១៨ នៅក្រុងតាខ្មៅ សូមស្នើដកសុន្ទរកថារបស់ខ្ញុំចេញពីស្គ្រីនខាងក្រោយ … ខ្ញុំមិនអានសុន្ទរកថានោះទេ។ តាំងនាមឲ្យបុរសៗដែលមានវត្តមាននៅទីនេះ ខ្ញុំសូមជូនពរចំពោះស្រ្តីទាំងឡាយ ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ នៅក្នុងខួបអនុស្សាវរីយ៍ទិវានៃសិទ្ធិនារីអន្តរជាតិ ហើយសូមជូនពរឲ្យនារីទាំងអស់ទទួលបាននូវសេចក្តីសុខ និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ថ្ងៃនេះយើងធ្វើបុណ្យទន្លេក៏យើងមិនភ្លេចនូវប្រភពដើមពីស្ត្រីរបស់ខ្មែរយើង ដែលពីដើមមានធាតុជានាគ ហៅថា នាងនាគនារីខ្មែរ។ សង្ឃឹមថា នាគនឹងមិនទទួលនូវការប្រមាថណាមួយនោះទេ ហើយទោះបីជាស្ត្រីទាំងឡាយដែលកើតនៅឆ្នាំនេះ ឬឆ្នាំនោះ ក៏សូមឲ្យស្ត្រីទាំងនោះក្លាយទៅជាឆ្នាំនាគទាំងអស់។ មិនមែនជាការកេងចំណេញ ដោយសារតែខ្ញុំឆ្នាំនាគនោះដែរទេ តែខ្ញុំចង់ឲ្យការគោរពទាំងឡាយបានចំពោះស្ត្រី មិនគ្រាន់តែថ្ងៃ ៨ មីនា នោះទេ ក៏ប៉ុន្តែបាន ៣៦៥ ថ្ងៃ ជារៀងរហូតតទៅ។ ស្វាគមន៍ការអញ្ជើញចូលរួមពិធីបុណ្យទន្លេ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ថ្ងៃនេះខ្ញុំពិតជាមានការរីករាយដោយបានមកចូលរួម។ ខ្ញុំ និងភរិយា ពិតជាមានការរីករាយ ដែលបានមកចូលរួមក្នុងការបើកនូវទិវាបុណ្យទន្លេ លើកទី ៤ ដែលប្រារព្ធធ្វើនៅទីក្រុងតាខ្មៅ នាខេត្តកណ្តាល។ ខ្ញុំសូមស្វាគមន៍ចំពោះការអញ្ជើញចូលរួមនៃអ្នកទាំងអស់ ដែលមិនគ្រាន់តែអ្នកខេត្តកណ្តាលប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានអញ្ជើញមកពីបណ្តាខេត្តនានា និងក៏មានផ្នែកដែលមានការពាក់ព័ន្ធចូលរួមផងដែរ។ ខ្ញុំពិតជាមានការកោតសរសើរចំពោះក្រសួងទេសចរណ៍ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធជាពិសេសគឺខេត្តកណ្តាលខ្លួនឯងផ្ទាល់នេះតែម្តង…