FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាស៊ានគួរតែអនុវត្តន៍វិធានការចំនួន៤ ដើម្បីចាប់យកការអភិវឌ្ឍជាវិជ្ជមាន និងកាត់បន្ថយកង្វល់ផ្សេងៗ។
សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងដូច្នេះក្នុងពេលឡើងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ។
វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសវៀតណាមឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «អាស៊ាន ៤.០: សហគ្រិនភាព និងបដិវត្តឧស្សាហកម្មលើកទី៤»។ ស្របតាមប្រធាននេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ចរន្ដនៃការរីកចម្រើនវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាដែលហៅថាបដិវត្ដន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាកត្ដាគន្លឹះមួយកំណត់នូវនិន្នាការវិវត្ដនៃសង្គម-សេដ្ឋកិច្ច ក្នុងគ្រប់ទិដ្ឋភាព ជាមួយនឹងការបង្កើតឡើងទាំងកាលនុវត្ដភាព ទាំងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។
សម្តេចបន្តថា បដិវត្ដន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ឡើងវិញនូវកត្ដាផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI), ការប្រើប្រាស់មនុស្សយន្ដ (Robot), ការបោះពុម្ភ 3D, ការប្រើប្រាស់បច្ចេកទេសវិទ្យាជីវវិទ្យា (Biotech) -ល-។ ដែលបច្ចេកវិទ្យាទាំងនេះ បានធ្វើឲ្យមានការផ្លាស់ប្ដូរយ៉ាងលឿននូវក្នុងល្បឿនមួយ ដែលមិនធ្លាប់មានពីមុខមកក្នុងវិស័យផលិតកម្ម, អប់រំ, សុខាភិបាល, ទីផ្សារការងារ, ពាណិជ្ជកម្ម, ធុរកិច្ច, រដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា-ល-។
នៅចំពោះមេដឹកនាំអាស៊ាន ក៏ដូចជាអ្នកវិនិយោគមកពីបណ្តាប្រទេសលើពិភពលោក សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ឌីជីថលរូបនីយកម្មបានក្លាយទៅជាកាតាលីករកំណើនថ្មីមួយ តាមរយៈការបង្កើនផលិតភាព និងប្រសិទ្ធិភាពការងារ និងអនុញ្ញាតឲ្យសហគ្រាសធុនតូច និងមធ្យម មានលទ្ធភាពផ្សាភ្ជាប់ទៅនឹងច្រវ៉ាក់ផលិតកម្មតំបន់ និងពិភពលោក និងស្វែងរកនវានុវត្ដន៍ភាពនៅក្នុងទំនិញ ឬសេវាកម្មថ្មីៗ និងអនុញ្ញាតឲ្យប្រទេសដែលអភិវឌ្ឍន៍តិចតូច ឬ មានសេដ្ឋកិច្ចកំពុងអភិវឌ្ឍអាចចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីមានឱកាសអាចហក់ឡើង (Leapfrog) រំលងឧស្សាហកម្មបែបប្រពៃណី ចូលក្នុងឧស្សាហកម្មបែបទំនើប។
បើទោះបីមានក្ដីរំពឹងថា បដិវត្តន៍ឧស្សាហកម្ម ៤.០ នឹងនាំមកនូវការអភិវឌ្ឍជាវិជ្ជមាន សម្រាប់ប្រជាជាតិទាំងមូលក៏ដោយ តែសម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បដិវត្តន៍នេះក៏នាំមកនូវភាពកង្វល់ច្រើន និងបញ្ហាប្រឈមមួយចំនួន ដូចជាការបាត់បង់ការងារ, ការទាមទារឲ្យមនុស្សមានកម្រិតអប់រំ និងជំនាញខ្ពស់, ការទទួលបាននូវផលប្រយោជន៍កាន់តែមិនស្មើគ្នា ដោយសារភាពមិនស្មើគ្នានៃឱកាសទទួលបាននូវចំណេះដឹង និងបច្ចេកវិទ្យា, ឧក្រិដ្ឋកម្ម ឬបទល្មើសពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន ដែលអាចប៉ះពាល់ដល់សន្ដិសុខជាតិ និងសន្ដិសុខតំបន់ទាំងមូល, កង្វះខាតនូវក្របខណ្ឌគតិយុត្តិ និងបទប្បញ្ញាត្តិសម្រាប់ការគ្រប់គ្រងលើសុវត្ថិភាពទិន្នន័យ (Data Security) និងសិទ្ធឯកជននៃទិន្នន័យ (Data Privacy), និងសន្ដិសុខតាមប្រព័ន្ធអ៊ីនធើណេត (Cyber Security)។ល។
ដើម្បីធានាការអភិវឌ្ឍប្រកបដោយភាពវិជ្ជមាន និងស្ថេរភាព ព្រមទាំងកាត់បន្ថយកង្វល់ផ្សេងៗនោះនៅលើវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាស៊ានអនុវត្តន៍នូវវិធានការចំនួន៤រួមមាន៖
១៖ បង្កើតនូវចក្ខុវិស័យអាស៊ានរួមមួយ អំពីឧស្សាហកម្ម ៤.០ (ASEAN Vision for Industry 4.0) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបរិយាប័ន្ន ដោយផ្អែកលើគំនិតផ្ដូចផ្ដើមរបស់អាស៊ាន ដែលមានស្រាប់ ព្រមទាំងរួមបញ្ជូលកម្មវិធីភិវឌ្ឃន៍សំខាន់ៗ លើផ្នែកបច្ចេកវិទ្យា ការអភិវឌ្ឍធនធានមនុស្សក្របខណ្ឌគតិយុត្តិ ហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ និងរឹងរបស់បច្ចេកវិទ្យាព័ត៌មាន និងកម្មវិធីកែទម្រង់របស់អាស៊ាន និងប្រទេសជាសមាជិកនីមួយៗផងដែរ។
២៖ រៀបចំកម្មវិធីរួមពង្រីងសមត្ថិភាពមនុស្ស តាមរយៈការលើកកម្ពស់គុណភាពនៃការអប់រំ, ការបណ្ដុះបណ្ដាលជំនាញការដោះស្រាយបញ្ហាបាត់បង់ការងារ ការរៀបចំប្រព័ន្ធគាំពារសង្គម ដើម្បីដោះស្រាយបញ្ហាវិសមភាពសេដ្ឋកិច្ច និងសង្គម។
៣៖ លើកកម្ពស់ការរៀបចំជាប្រព័ន្ធអេកូឡូហ្សី ដែលគាំទ្រការស្រាវជ្រាវ និងនវានុវត្ដន៍ក្នុងតំបន់ ពង្រឹងនូវសមត្ថភាពសហគ្រិនភាព ក្នុងការរៀបចំម៉ូឌែលធុរកិច្ច, បង្កើតការងារថ្មី និងតម្រង់ទិសថ្មី របស់សេដ្ឋកិច្ចនាពេលអនាគត។
៤៖ បន្ដកែលម្អហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ ជាពិសេសបង្កើនការតភ្ជាប់ដែលមានស្រាប់ក៏ដូចជាការបន្ដធ្វើសមាហរណកម្មទាំងក្នុងតំបន់ និងអន្ដរតំបន់ ដើម្បីបន្ដកសាងមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់ប្រជាជាតិអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពីស្ថានភាពកំណើនថ្មី ក្នុងពិភពលោកនេះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងផងដែរថា រាជរដ្ឋាភិបាល បានកំពុងរៀបចំ និងកែសម្រួលគោលនយោបាយ ឲ្យស្របទៅតាមទិន្នាការ ក្នុងការចាប់យកឱកាស, ជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា, គ្រប់គ្រងបរិស្ថានធុរកិច្ច ក៏ដូចជាកាត់បន្ថយនូវហានិភ័យ ដែលអាចកើតឡើងជាយថាហេតុ ដោយបច្ចេកវិទ្យាទាំងនេះ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវត្ដន៍ឧស្សាហកម្មទី៤ បានក្លាយទៅជាទិសដៅអាទិភាពមួយ របស់រាជរដ្ឋាភិបាលក្នុងអណត្តិថ្មីនេះ ដោយត្រូវផ្ដោតសំខាន់ លើការពង្រឹង និងពង្រីកមូលដ្ឋាន នៃសេដ្ឋកិច្ចឌីជីថល ទាំងផ្នែករឹង និងផ្នែកទន់ ការរៀបចំអភិវឌ្ឍធនធានមនុស្ស និងជំនាញស្របតាមបរិបទថ្មី, ការបង្កើតក្របខ័ណ្ឌគតិយុត្តិ និងបទប្បញ្ញត្តិគាំទ្រដែលពាក់ព័ន្ធ ព្រមទាំងការជំរុញ និងលើកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍។
កម្ពុជា ក៏កំពុងយកចិត្តទុកដាក់ ក្នុងការលើកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មីពិសេសលើ៖
១៖ កម្មវិធីពង្រឹងសមត្ថភាព ដែលផ្ដោតលើការបណ្ដុះបណ្ដាលបំណិតសហគ្រិនភាព និងជំនាញគ្រប់គ្រងអាជីវកម្ម រួមទាំងការបណ្ដុះវប្បធម៌ និងឥរិយាបទសហគ្រិនភាព តាមរយៈវេទិការឌីជីថល (Digital Platform)។
២៖ កម្មវិធីគាំទ្រធុរកិច្ច ដែលមានផ្ដោតលើ ការផ្ដល់ប្រឹក្សាធុរកិច្ច, ការគាំទ្រផ្នែកបច្ចេកវិទ្យាព័ត៌មាន រួមទាំងការរៀបចំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍៕