ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីបើក អង្គរសង្រ្កាន្ត ឆ្នាំ ២០១៧
ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានចូលរួមនៅក្នុងឱកាសនេះ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា ពិតជាមានរីករាយ ដែលបានមកចូលរួមសារជាថ្មីម្ដងទៀត ដើម្បីបើកអង្គរសង្រ្កាន្តឆ្នាំ ២០១៧។ ប្រមាណជាជាង ៥ ម៉ោងមុននេះ ទេវតាចាស់បានចាកចេញ ទេវតាថ្មីក៏បានមកជំនួស។ អរគុណចំពោះលោកជំទាវ ម៉ែន សំអន ដែលបានតំណាងអោយថ្នាក់ដឹកនាំ ដើម្បីចូលរួមនៅក្នុងពិធីទទួលនូវទេវតាថ្មី។ តែយ៉ាងណាក៏ដោយ ពីឆ្នាំទៅរហូតមកដល់ឆ្នាំនេះ ការរីករាយរបស់កម្ពុជានៅតែបន្ត។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងជូននូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ ជាអគ្គរដ្ឋទូត អគ្គរាជទូត និងប្រិយមិត្តបរទេសទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីរបស់យើងខ្ញុំនេះ។ អង្គរសង្រ្កាន្ត ៥ ឆ្នាំជាប់គ្នា សង្ក្រាន្តរបស់ប្រជាជន និងសង្ក្រាន្តច្រើនកន្លែង ក្នុងនាមរាជរដ្ឋាភិបាល ក៏សុំថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាពរបស់យុវជន ដែលរៀបចំអង្គរសង្រ្កាន្តរយៈពេល ៥ ឆ្នាំកន្លងផុតទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ដូចឯកឧត្តមអភិបាលខេត្តបានលើកឡើង។ ខ្ញុំព្រះករុណាខ្ញុំ…