FN ៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានប្រគល់ថវិកា១លានដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងឲ្យ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, លោក ដេនីស ឡូរ៉ង់ ប្រធានប្រតិបត្ដិ មូលនិធិគន្ធបុប្ផា រួមទាំងចួលរួមពីខាងក្រសួងសុខាភិបាលផងដែរ។
លោកស្រី ពុំ ចន្ទីនី បានថ្លែងថា ថវិកាចំនួន១លានដុល្លារ ដែលកាកបាទក្រហមកម្ពុជា ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផានៅពេលនេះ គឺដើម្បីបន្ដជួយព្យាបាលប្រជាពលរដ្ឋ ពិសេសថែទាំជំងឺ កុមារនៅកម្ពុជា ដែលត្រូវការជំនួយពីយើងទាំងអស់គ្នា ដូច្នេះសង្ឃឹមថាសប្បុរសធម៌ទាំងក្រៅ និងក្នុងប្រទសបន្ដជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ជារៀងរហូតផងដែរ។
ក្នុងឱកាសនោះលោកស្រី ពុំ ចន្ទីនី ក៏បានថ្លែងជូនពរដល់ លោកវេជ្ជបណ្ឌិត Beat Richner ស្ថាបនិករបស់មន្ទីរពេទ្យគុន្ធបុប្ផា ដែលកំពុងបន្ដការព្យាបាល នៅប្រទេសស្វីស សូមឲ្យលោកឆាប់ជាសះស្បើយ ដើម្បីវិលត្រលប់មកបំពេញបេសកកម្មមនុស្សធម៌ នៅប្រទេសកម្ពុជាវិញ ហើយទោះបីជាលោកមិនបានធ្វើការដូចមុន ក៏សូមលោក នៅជាម្លប់ សម្រាប់ផ្ដល់ប្រឹក្សាការងារ ដល់សេវាសុខភាពដល់កម្ពុជាជាបន្ដទៀត ព្រោះមន្ទីរពេទ្យនេះ បានជួយដល់កុមារគ្រប់ទីកន្លែងនៅកម្ពុជាទាំងអស់ ដែលបានជួយសម្រាលដល់រាជរដ្ឋាភិបាលផងដែរ ហើយមន្ទីរពេទ្យ គន្ធបុប្ផាសព្វថ្ងៃនេះ ត្រូវបានប្រជាជនភាគច្រើន បានហៅថា មន្ទីរពេទ្យព្រះអាទិ៍ទិទេព ដែលបានជួយជីវិតរបស់កុមារគ្រប់ទីកន្លែង។
ជាកិច្ចឆ្លើយតប លោក ដេនីស ឡូរ៉ង់ បានថ្លែងថា លោកសូមថ្លែងអំណរគុណ យ៉ាងខ្លាំងក្លាបំផុត ជូនចំពោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដល់ជូននូវថវិកា ជារៀងរហូតមកនេះ ដែលបានដើរតួនាទីយ៉ាងមានសារៈសំខាន់ណាស់ ក្នុងការជួយគាំពារ និងគាំទ្រដល់ការជួយព្យាបាល និងថែទាំកុមារកម្ពុជា ដែលមកទទួលយកសេវាព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផានេះ៕