សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី
FN ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលជួបជូនពរ និងពិភាក្សាការងារ ដោយផ្ទាល់ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី។ ជាកិច្ចចាប់ផ្តើមនៃជំនួប លោកប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានអញ្ជើញចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក។ លោកក៏បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានជំរុញកិច្ចសហការទ្វេភាគីដ៏រឹងមាំរវាងឥណ្ឌូនេស៊ី និងកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណលោកប្រធានាធិបតី ដែលបានអញ្ជើញសម្តេច និងគណៈប្រតិភូចូលរួមក្នុងពិធី ហើយសម្តេចពិតជារីករាយ ក្នុងការចូលរួមពិធីដ៏សែនមានអត្ថន័យមួយនេះ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បាននាំយកនូវព្រះរាជបន្ទូលផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្តារៈដ៏ខ្ពង់ខ្ពស់ ជូនលោកប្រធានាធិបតីផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីសង្ឃឹមថាក្នុងអាណត្តិថ្មីនេះ លោកប្រធានាធិបតីនឹងរកពេលវេលាសមស្របទៅទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ខណៈអតីតប្រធានាធិបតីឥណ្ឌូនេស៊ីចំនួន៤រូបមកហើយបានបំពេញទស្សនកិច្ចនៅកម្ពុជា។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកពីបញ្ហារបស់ទីម័រ ដែលចង់ក្លាយជាសមាជិកអាស៊ានផងដែរ។ សម្តេចតេជោ ហ៊ុន…