FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ថា មិនមានការបិទប្រទេស រាជធានី ឬតំបន់ណាមួយនៅក្នុងប្រទេសកម្ពុជា ដើម្បីជាវិធានការក្នុងការទប់ស្កាត់ការរីករាតត្បាតជំងឺកូវីដ១៩នោះឡើយ។
ក្នុងសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តចតេជោ ហ៊ុន សេន បានបញ្ជាក់ដូច្នេះ «ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ»។
ការបញ្ជាក់របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានសំឡេងមួយចែកចាយតាមបណ្តាញសង្គម ដោយប្រឌិតព័ត៌មានថា នឹងមានការបិទរាជធានីភ្នំពេញ និងហាមធ្វើដំណើរឆ្លងខេត្តជាដើម។
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឌិតព័ត៌មាននេះ ជាការឃោសនាអកុសលរបស់ជនអាក្រក់ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។
ជាមួយនឹងការច្រានចោលព័ត៌មានប្រឌិតនេះហើយ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។
ពាក់ព័ន្ធការពាក់ម៉ាស់នេះដែរ សម្តេចតេជោ បានបញ្ជាក់ថា កាលពីម្សិលមិញនេះ សម្តេចបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។
សម្តេចតេជោអំពាវនាវដល់ប្រជាពលរដ្ឋពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០វិញ។
សម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់ និងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយ ជីវភាពសម្រាប់គ្រួសារក្រីក្រ ដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឲ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕