ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៖ សិស្សពិការភាពជាង៦ម៉ឺននាក់ និងបុគ្គលិកអប់រំពិការភាព ជាង១ពាន់នាក់ បានសិក្សានិងធ្វើការ ដោយមិនមានការរើសអើង
FN ៖ ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា សិស្សមានពិការភាព គ្រប់ប្រភេទសរុបចំនួន ៦០,៦១០នាក់ និងបុគ្គលិកអប់រំដែលមានពិការភាពចំនួន ១,២៥២នាក់ បាននឹងកំពុងរៀន នៅគ្រប់កម្រិតសិក្សា និងធ្វើការដោយមិនមានការរើសអើង។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធី ប្រារព្ធទិវាជនមានពិការភាពកម្ពុជាលើកទី២០ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្នុងឆ្នាំ២០១៨ ក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិ ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងសមភាព» ដែលបានប្រារព្ធរៀបចំយ៉ាងឱឡារិក នៅសាលមហោស្រពកោះពេជ្រ ។ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានថ្លែងថា រាជរដ្ឋាភិបាលបានទទួលស្គាល់សិទ្ធិរបស់ជនមានពិការភាពផ្ទាល់ និងក្រុមគ្រួសាររបស់ពួកគេ ហើយតែងតែបានគិតគូដល់ការផ្ដល់កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនមានពិការភាព៣១៧ តាកែន កោះស្លាខេត្តកំពត នៅស្រុកគូលែនខេត្តសៀមរាប និងនៅភ្នំឆ័ត្រខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់ លំនៅដ្ឋានប្រកបអាជីវកម្ម និងកសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវាស្តារលទ្ធភាពពលកម្ម នៅតាមសហគមន៍ បានកាន់តែប្រសើរជាលំដាប់។ លោកបានបន្តថា ដោយឡែកសិស្សមានពិការភាពគ្រប់ប្រភេទ សរុបចំនួន៦០,៦១០នាក់ ដែលបាននឹងកំពុងរៀននៅ គ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង…