ប៊ុលហ្ការី ផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់និស្សិតកម្ពុជា
FN ៖ នាយករដ្ឋមន្ត្រីប៊ុលហ្ការី លោក ប៊ួយកូ បូរីសូវ (Boyko Borissov) បានសម្រេចផ្តល់អាហារូបករណ៍១០កន្លែង ជូននិស្សិតកម្ពុជា តាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សំណើ និងការសម្រេចនេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និង លោក ប៊ួយកូ បូរីសូវ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ។ ប្រទេសប៊ុលហ្ការី ជាប្រទេសមួយក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុបខាងកើតមួយចំនួនទៀត ដែលបានគាំទ្ររដ្ឋាភិបាលកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ៨០ ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ បើទោះបីពេលនោះមានប្រទេសជាច្រើនដាក់ទណ្ឌកម្មលើកម្ពុជាក៏ដោយនោះ។ ប៊ុលហ្ការី ក៏ជាប្រទេសបានផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់និស្សិតកម្ពុជានាពេលនោះផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ក្នុងចន្លោះពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨៩ ប៊ុលហ្ការី បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាប្រមាណ ២០០កន្លែង។ មកដល់បច្ចុប្បន្ននិស្សិតទាំងនោះបាននិងកំពុងបម្រើការងារផ្សេងនៅតាមស្ថាប័នរដ្ឋផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីប៊ុលហ្ការី ដែលបានសម្រេចផ្តល់អាហារូបករណ៍បន្ថែមដល់និស្សិតកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ ជាការរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា៕