សេចក្តីដកស្រង់សង្កថា ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ឆ្លងកាត់ទន្លេសាប
ស្ពានឆ្លងទន្លេសាប សមិទ្ធផលថ្មីរបស់កម្ពុជា ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីគោរពនឹករលឹក។ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួម ដើម្បីបើកការដ្ឋានសាងសង់ ស្ពានបេតុងឆ្លងកាត់ទន្លេសាបពីទិសខាងកើត ទៅទិសខាងលិច (ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិ លេខ ៥) តភ្ជាប់រវាងទីក្រុងភ្នំពេញ និងជ្រោយចង្វារ។ ហើយក្នុងពេលជាមួយគ្នានេះដែរ ក៏មានការស្ថាបនា នូវ ស្ពានដែកជាបណ្ដោះអាសន្នដើម្បីឆ្លងកាត់នៅតំបន់នេះផងដែរ។ ខ្ញុំពិតជាមានការរីករាយ ដោយសារនេះវាជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា និយាយជារួម ហើយវាជាសមិទ្ធផលរបស់ទីក្រុងភ្នំពេញនិយាយដោយឡែក។ ការអភិវឌ្ឍរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវអោយមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធជាចាំបាច់។ ថ្ងៃនេះ យើងបើកការដ្ឋានដើម្បីសាងសង់ស្ពានមួយកន្លែងទៀត នៅក្នុងចន្លោះស្ពានព្រែកព្នៅ និងស្ពានជ្រោយចង្វារ ដែលជាស្ពានមានរួចមកហើយ។ ហើយបើគិតនៅតាមទន្លេសាប ស្ពានថ្មីដែលយើងកសាងក្រោយពេលដែលយើងមានស្ពានជ្រោយចង្វារចាស់កសាងក្នុងទសវត្សរ៍ ៦០ ជាជំនួយរបស់ជប៉ុន ឥឡូវនេះ ស្ពានក៏កំពុងត្រូវជួសជុល។ យើងបានកសាងបន្ថែមនូវស្ពាន៖ ទី ១ ស្ពានជ្រោយចង្វារទី ២ ដែលហៅថា ស្ពានមិត្តភាពកម្ពុជាចិន។ ទី ២ ស្ពានព្រែកព្នៅ ដែលវិនិយោគដោយវិស័យឯកជន ហើយរាជរដ្ឋាភិបាលក៏ទើបនឹងទិញយក ដើម្បីយកមកប្រគល់សម្រាប់ការប្រើប្រាស់របស់ប្រជាជន។…