កម្ពុជាបើកចំហរសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថា ទីផ្សារសកលលោកនឹងបើកចំហរសម្រាប់គ្រប់ផលិតផលរបស់កម្ពុជា
FN ៖ នារសៀលថ្ងៃអាទិត្យ ទី៤ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នៅរាជធានីភ្នំពេញ។ ក្នុងជំនួបនេះ ភាគីទាំងពីរ បានធ្វើការពិភាក្សាលើគោលបំណងក្នុងការជំរុញការនាំចេញផលិតផលកសិកម្ម និងម្ហូបអាហារកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។ លោកបណ្ឌិត បានថ្លែងថា កម្ពុជាបើកចំហរសម្រាប់ធុរកិច្ចមកពីគ្រប់បណ្តាប្រទេសលើសាកលលោក ហើយមានក្តីរំពឹងថាទីផ្សារសកលលោកបើកចំហរសម្រាប់ផលិតផលរបស់កម្ពុជាផងដែរ។ ក្នុងន័យនេះ ការផ្សារភ្ជាប់នូវ ទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចក្រៅស្រុក និងក្នុងស្រុក តាមរយៈការបើកឱកាសរួមគ្នាឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យា ដើម្បីលើកកម្ពស់លទ្ធភាពផលិតកម្ម និងកម្រិតស្តង់ដារនៃផលិតផលពីកម្ពុជា គឺជាកត្តាចម្បង។ ទន្ទឹមនឹងនេះ លោកក៏បានលើកទឹកចិត្តក្នុងការប្រមើលលើវិស័យដទៃទៀតនៅក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មផងដែរ ដើម្បីពង្រីកនូវកាលានុវត្តភាពនៃការអភិវឌ្ឍន៍។ គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចប្រកបដោយអត្ថន័យនេះ គណៈប្រតិភូអតីតមន្ត្រី និងអាជីវករមកពីរដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក ក្រោមការសម្របសម្រួលដោយលោក ហួត គីមឆា កុងស៊ុលកិត្តិយសកម្ពុជាប្រចាំរដ្ឋកាលីហ្វនីញ៉ា ក៏បានធ្វើការរៀបចំនូវសិក្ខាសាលាអំពីការនាំផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ៕