ទេសរដ្ឋមន្រ្តី លី ធុជ៖ ជាង១១ឆ្នាំមកនេះ នាយទាហានកម្ពុជាជាង៥ពាន់នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ តែបានពលីជិត១០នាក់
FN ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា បានលើកឡើងថា រយៈពេលជាង១១ឆ្នាំកន្លងទៅនេះ នាយទាហានកម្ពុជា ចំនួន៥១៧២នាក់ ក្នុងនោះមានស្រ្តីចំនួន២៣០នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ប្រកបដោយជោគជ័យ និងមានចំនួន៨១៣នាក់ នារី៦២នាក់ កំពុងបំពេញបេសកកម្ម ហើយនាយទាហានទាំងនោះ បានក្លាយជាគ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូនលើសកលលោក ដែលបានជួយផ្តល់នូវស្ថេរភាពមួយផ្នែក ក្នុងពិភពលោក។ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨នេះលោកទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គគ្រូបង្គោលផ្នែកកម្ទេចគ្រាប់មិនទាន់ផ្ទុះ សម្រាប់បេសកកម្មប្រតិបត្តិការសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីទីប្រឹក្សាបារាំង និងទីប្រឹក្សាជប៉ុនប្រចាំកម្ពុជា លោក Hak Chandara មន្រ្តី UNMAS លោក-លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងសិក្ខាកាមជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្រ្តី បានថ្លែងថា «តាងនាមអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាប្រធាន…