ដកស្រង់ប្រសាសន៍ សារសំឡេងពិសេសក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ សម្រេចយកការបូជាសព មិនមែនការបញ្ចុះទេ
ឯកឧត្តម ម៉ម ប៊ុនហេង, ឯកឧត្ត លោកជំទាវអភិបាលរាជធានីខេត្ត, កន្លងមកនេះដោយសារមិនទាន់មានសភាពការណ៍ដល់កម្រិតធ្ងន់ យើងពុំទាន់រៀបចំនូវវិធានការមួយដែលជាវិធានការចាំបាច់ចុងក្រោយ នោះគឺករណីមរណភាព ឬហៅថាការស្លាប់របស់អ្នកដែលមានជំងឺកូវីដ–១៩។ បញ្ហាចោទឡើងថា តើយើងត្រូវបូជាឬយើងត្រូវកប់។ អម្បាញ់មិញនេះ ខ្ញុំបានពិភាក្សាជាមួយ ឯកឧត្តម ម៉ម ប៊ុនហេង គឺបានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ–១៩ ត្រូវតែធ្វើការបូជា។ ចំណុចនេះគឺគេអាចយល់បាន បើទោះបីថាទំនៀមទំលាប់ជនជាតិខ្លះមិនអាចធ្វើការបូជាក៏ដោយ ប៉ុន្តែករណីពិសេសសម្រាប់ជំងឺកូវីដ-១៩ នេះ យើងត្រូវតែធ្វើការបូជាជាចាំបាច់ព្រោះយើងមិនមានដីដើម្បីដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ។ ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតដល់ ២, ៣ ជាន់នៃមនុស្ស ហើយដែលគ្មានក្រុមគ្រួសារចូលរួមបានទេ។ សម្រាប់យើង យើងប្រើប្រាស់វិធានការដុត វិធានការបូជា ជាវិធានការដែលងាយស្រួលក្នុងការគ្រប់គ្រង។ សុំបញ្ជាក់ថាប្រទេសសិង្ហបុរី ទោះបីថាទំនៀមទម្លាប់របស់ចិននៅសិង្ហបុរីត្រូវកប់ ប៉ុន្តែដោយសារនៅប្រទេសសិង្ហបុរីមានដីតូចគឺមិនអនុញ្ញាតឲ្យមានការកប់នោះទេ។ សូម្បីតែអតីតនាយករដ្ឋមន្រ្តី លី ក្វាន់យូ របស់សិង្ហបុរីដែលជាបិតាបង្កើតប្រទេសសិង្ហបុរី ក៏នៅតែត្រូវបានបូជាដែរព្រោះមិនមានដីកប់នោះទេ។ យើងមិនមែនខ្វះដីកប់ទេ ក៏ប៉ុន្តែដើម្បីធានានូវវិធានការមួយសម្រាប់ការគ្រប់គ្រងដីធ្លី ដូចជាកុំឲ្យកើតពាសពេញជាមួយនឹងការដាក់សពកន្លែងនេះបន្តិចកន្លែងនោះបន្តិច យើងត្រូវប្រើប្រាស់វិធីបូជាជាចាំបាច់។ ប៉ុន្មានថ្ងៃមុននេះ យើងបានប្រើចំពោះជនជាតិចិនដែលបានស្លាប់នៅក្នុងព្រឹត្តិការណ៍មួយ ក៏បានធ្វើការបូជាដែរ។ សាលារាជធានីធ្វើការបូជា។ ឥឡូវនេះ សាលារាជធានីកំពុងតែសាងសង់នូវបច្ឆាសម្រាប់ការបូជានេះ។ ខ្ញុំស្នើឲ្យចាត់វិធានការតាមបណ្តាខេត្តនានា ដើម្បីរៀបចំក្នុងករណីមានការស្លាប់នូវអ្នកដែលកើតជំងឺកូវីដ-១៩…