សេចក្តីដកស្រង់ ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកពិនិត្យការដ្ឋាន។ បន្តិចទៀតយើងនឹងពិនិត្យនៅនឹងទីកន្លែង។ ប៉ុន្តែ មុនពេលដែលយើងទៅពិនិត្យនេះ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ជាមួយនឹងរបាយការណ៍របស់ឯកឧត្ដម ជា សុផារ៉ា ដែលជាប្រធានគណៈកម្មការជម្រុញការកសាងអាកាសយានដ្ឋានថ្មី ហើយនិងបានស្ដាប់ដោយយកចិត្តទុកដាក់នូវរបាយការណ៍របស់លោក ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន និងទស្សនាវីដេអូអម្បាញ់មិញនេះ។ ខ្ញុំសូមកោតសរសើរដោយអស់ពីចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ មិនត្រូវបានរារាំងដោយ Covid-19 Covid-19 មិនអាចរារាំងដំណើរ នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានទេ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការសាងសង់ ក៏ដូចជា ផ្នែកពាក់ព័ន្ធ ដែលក្នុងនោះមានរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តតាកែវ ដែលបានជួយមកដល់ក្រុមហ៊ុន ក្នុងការដោះស្រាយបញ្ហាដីធ្លី និងបញ្ហាពាក់ព័ន្ធដទៃទៀត។ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏បានធ្វើកិច្ចការងារដ៏ល្អ ដែលធ្វើឱ្យមានវឌ្ឍនភាព ដែលមកដល់ពេលនេះសម្រេចប្រមាណជា ៣០% នៃគម្រោងគ្រោងទុក។ អ្វីដែលលោក ពុង ឃាវសែ បានលើកឡើង គឺនៅត្រង់ថា នៅពេលខាងមុខនេះ តម្រូវការខាងកម្មករមានរហូតទៅដល់ ២ ម៉ឺននាក់/ថ្ងៃ។ ចំណុចនេះ គេបានឃើញហើយថា បើទោះបីជា Covid-19 អាចមានការប៉ះពាល់ទៅលើផ្នែក(មួយចំនួន) ជាពិសេស ទេសចរណ៍…