សេចក្តីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺ Covid-19
សង្រ្គាមប្រឆាំងនឹង Covid-19 គ្មានពាក្យថា វាយលុក និងចំណេញ ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនឹងថ្លែងទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាផ្ដល់ឱកាសឱ្យអ្នកសារព័ត៌មានរបស់យើងបានសាកសួរផងដែរ តើយើងត្រូវធ្វើកិច្ចការងារមួយចំនួនបន្តទៀត។ ប្រជាពលរដ្ឋរបស់យើងបានដឹងហើយថា យើងកំពុងស្ថិតនៅក្នុងដំណាក់កាលនៃសង្រ្គាមប្រឆាំងនឹង Covid-19 ដែលជាជំងឺរីករាលដាលជាសកល។ មកដល់ពេលនេះ សង្រ្គាមមួយនេះស្ថិតនៅក្នុងស្ថានភាពទប់ទល់តែប៉ុណ្ណោះ គ្មានទេពាក្យថា វាយលុក ព្រោះយើងមិនដឹងថា សត្រូវពិតប្រាកដវានៅទីណានោះទេ ខុសគ្នាជាមួយនឹងផ្នែកយោធា ដែលមានវាយទប់ទល់ផង និងមានការវាយលុក ឬមានការដកថយ។ សម្រាប់យើង គ្មានទេពាក្យវាយលុក ហើយក៏គ្មានទេនូវពាក្យដែលហៅថា ឈ្នះទៅលើសង្រ្គាមមហន្តរាយបែបនេះ។ គ្មានទេពាក្យថាចំណេញ មានតែខាត។ គ្រាន់តែខាតតិច ឬខាតច្រើនតែប៉ុណ្ណោះ។ នេះជាចំណុចដែលយើងត្រូវដឹងជាមុន អំពីនិយមន័យនៃសង្រ្គាមប្រឆាំងនឹង Covid-19 នេះ។ ខ្ញុំបញ្ជាក់ឡើងវិញថា សង្រ្គាមនេះ គឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ ហើយគ្មានទេ អ្វីដែលហៅថាឈ្នះ គឺមានតែការខាតបង់ គ្រាន់តែខាតតិច ឬខាតច្រើន។ ដូចជាប្រទេសខ្លះ គឺស្លាប់ប្រជាជនច្រើន ប្រទេសខ្លះស្លាប់ប្រជាជនតិច ប្រទេសខ្លះមិនទាន់មានប្រជាជនស្លាប់ទេ ប៉ុន្តែភាគច្រើនមានមនុស្សឆ្លងរួចទៅហើយ។ សង្រ្គាមប្រឆាំងនឹង Covid-19 នេះ យើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយទេ ហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។…