សុន្ទរកថា សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ
ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីការបរទេសអាស៊ាន ឯកឧត្តមអគ្គលេខាធិការអាស៊ាន ឯកឧត្តម លោកជំទាវ និងភ្ញៀសកិត្តិយស ជាទីមេត្រី! ខ្ញុំពិតជាមានសេចក្តីសោមនស្សទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស ដែលបានអញ្ជើញមកដល់ ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ នាឱកាសដែលយើងប្រារព្ធខួបលើកទី ៥៥ នៃការបង្កើតអាស៊ាន ក្នុងឆ្នាំនេះ ខ្ញុំមិនអាចបរិយាយឱ្យអស់សេចក្តី បានទេ អំពីដំណើរដ៏វែងឆ្ងាយ ដែលយើងបានដើរឆ្លងកាត់រហូតមកដល់បច្ចុប្បន្ននេះ។ កន្លងទៅអាស៊ានធ្លាប់ជាតំបន់មួយដែលរីកចម្រើន ដោយយើងបានរួមដៃគ្នាប្រែក្លាយភាពមន្ទិលសង្ស័យ ឱ្យទៅជាការជឿទុកចិត្តគ្នា និងផ្លាស់ប្តូរអរិភាព ក៏ដូចជា ការប្រឈមមុខដាក់គ្នា ឱ្យទៅជាកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ជាមួយនឹងសន្តិភាព និងស្ថិរភាពជាច្រើនទសវត្សរ៍កន្លងមកនេះ អាស៊ានសម្រេចបាននូវវិបុលភាពលើសពីការរំពឹងទុក ជាមួយនឹងកំណើន និងការអភិវឌ្ឍដ៏ខ្ពស់ និងការកែលម្អជាលំដាប់ នៃសុខុមាលភាពរបស់ប្រជាជន។ នៅក្នុងដំណើរ នៃការរីកចម្រើន និងអភិវឌ្ឍន៍ នៃតំបន់អាស៊ាន បញ្ហាប្រឈមផ្សេងៗបានកើតមានឡើងជាបន្តបន្ទាប់ ដោយរាប់ចាប់ពីបញ្ហាភូមិសាស្ត្រនយោបាយ រហូតដល់បញ្ហាសង្គម-សេដ្ឋកិច្ច។ ជាក់ស្តែង នៅក្នុងការធ្វើជាប្រធានអាស៊ានប្តូរវេនប្រចាំឆ្នាំ យើងតែងតែប្រឈមនឹងបញ្ហាមួយចំនួន ដែលទាមទារឱ្យមានការដោះស្រាយ ប៉ុន្តែ យើងមិនដែលធ្លាប់បានប្រឈមនឹងគ្រោះថ្នាក់ជាច្រើនក្នុងពេលតែមួយ ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើតំបន់ និងពិភពលោកទាំងមូលដូចជាពេលនេះឡើយ។…