រាជរដ្ឋាភិបាល នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីន ជាអាទិភាពដ៏សំខាន់
FN ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញពិធីបើកការរដ្ឋានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់កងទ័ពជើងគោក ក្នុងគម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជួបជុំគ្នានៅលើទីតាំងដែលធ្លាប់ជាតំបន់សង្គ្រាមបង្ហូរឈាមគ្នារវាងខ្មែរ និងខ្មែរក្នុងឱកាសនេះ បានរំឭកឲ្យយើងនឹកឃើញនូវអតីតកាលដ៏សែនជូរចត់ ដែលប្រជាជាតិយើងបានជួបប្រទះ។ ទោះបីព្រឹត្តិការណ៍ទាំងនោះ បានក្លាយជារឿងរ៉ាវប្រវត្តិសាស្ត្រទៅហើយក្តី ប៉ុន្តែគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់នៅសេសសល់រាយប៉ាយពេញផ្ទៃប្រទេស នៅតែជាកេរដំណែលបន្សល់ទុកពីសង្រ្គាម។ ចំណុចនេះដែលទាមទារឲ្យអ្នកពាក់ព័ន្ធ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការលំបាក និងបញ្ហាប្រឈមដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្រ្គាម ជាពិសេសនៅតាមតំបន់ស្រែចម្ការរបស់ប្រជាជន ដែលមានប្រជាជនរាប់ម៉ឺនគ្រួសារកំពុងទទួលរងនូវការគំរាមកំហែងដោយផ្ទាល់ និងដោយប្រយោល ដើម្បីឲ្យពួកគាត់មានក្តីសង្ឃឹម និងបន្តកសាងនូវអនាគតដ៏រុងរឿងតទៅមុខទៀត។ បើតាមលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៅតែចាត់ទុកសកម្មភាពបោសសម្អាតមីននៅកម្ពុជា ជាអាទិភាពដ៏សំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗនានា ដើម្បីស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិឡើងវិញ។…