សម្ដេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ប្រធាននៃបណ្តាគណបក្សនយោបាយ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី១២, អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូលជាទីមេត្រី
[ផ្ដើមសេចក្ដីអធិប្បាយ១]
(១) ម្ចាស់ផ្ទះលើកទី២ នៃមហាសន្និបាត ICAPP ១២លើក
ពេលដែល ICAPP ចាប់កំណើត ខ្ញុំប្រៀបដូចជាព្រះអាទិត្យដែលមិនទាន់ថ្ងៃត្រង់នៅឡើយទេ។ តែនៅពេលនេះ បន្ទាប់ពី ២៤ឆ្នាំនៃការចាប់កំណើត ខ្លួនខ្ញុំដូចជាកំពុងស្ថិតនៅក្នុងថ្ងៃរសៀល តែមិនទាន់ដល់ថ្ងៃលិចទេ។ សង្ឃឹមថា នៅមានរយៈពេល ១០ឆ្នាំយ៉ាងហោចណាស់ ៣ដងទៀត ដើម្បីយើងអាចឃើញពិភពលោកដ៏ទូលំទូលាយ។ កាលពី១៤ឆ្នាំមុន យើងបានធ្វើមហាសន្និបាតម្ដងរួចហើយ។ ពេលនោះយើងប្រើប្រាស់អគាររដ្ឋាភិបាលដើម្បីរៀបចំមហាសន្និបាតនេះ។ ឆ្នាំនេះ ប្រទេសកម្ពុជា ពិសេសគណបក្សប្រ ជាជនកម្ពុជា មានឱកាសដើម្បីរៀបចំនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាតែម្ដង។ អរគុណចំពោះថ្នាក់ដឹកនាំបណ្ដាគណបក្សនយោបាយ ដែលជាមហាគ្រួសារ ICAPP ក៏ដូចជាដៃគូ ICAPP ដែលបានគាំទ្រឲ្យគណបក្សប្រជាជនកម្ពុជារៀបចំមហាសន្និបាតលើកទី១២ លើកនេះ។ ខ្ញុំមានមោទនភាពចំពោះកិច្ចការដែលបានរៀបចំមហាសន្និបាត ដែលក្នុងចំនួន ១២លើក កម្ពុជាមានឱកាសធ្វើម្ចាស់ផ្ទះបាន ២ដង។ ដោយឡែកតែអាស៊ាន ខ្លួនខ្ញុំផ្ទាល់បានធ្វើជាប្រធានអាស៊ានរហូត៣ដង។ អញ្ចឹង វាមិនចម្លែកទេក្នុងការចូលរួមចំណែកក្នុងក្របខ័ណ្ឌ ICAPP រយៈពេល ២ដងនេះ។ សង្ឃឹមថា នឹងអាចមានទី៣ និងទី៤ តទៅទៀត។
[ចប់សេចក្ដីអធិប្បាយ១]
ថ្ងៃនេះ យើងទាំងអស់គ្នា បានជួបជុំគ្នានៅទីក្រុងភ្នំពេញ រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»។ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំពិតជាមានកិត្តិយស ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ ស្វាគមន៍ប្រទេសសមាជិក ICAPP និងស្ថាប័នដៃគូជាង ៥២ប្រទេស មកពីតំបន់ផ្សេងៗនៅលើពិភពលោក។ ជាការពិត ខ្ញុំសូមវាយតម្លៃខ្ពស់លើភាពខ្លាំងរបស់ ICAPP ដែលបានកើនឡើងជាលំដាប់ ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ២០០០ មក ICAPP បានប្រែក្លាយខ្លួនទៅជាអង្គការគណបក្សនយោបាយដ៏ធំបំផុតមួយ ទាំងទំហំ និងទាំងឥទ្ធិពលលើភូមិសាស្ត្រនយោបាយ។ ខ្ញុំក៏មានមោទនភាពផងដែរ ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា ចូលរួមចំណែកនៅក្នុងសកម្មភាពនានារបស់ ICAPP រួមទាំងមហាសន្និបាតរបស់ខ្លួន ក្នុងចំណោមគណបក្សនយោបាយចំនួន ៣០០ ដែលមានភាពចម្រុះគ្នា ទាំងនិន្នាការនយោបាយ និងមនោគមវិជ្ជា។
ក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាតនេះ ខ្ញុំយល់ថា ប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» គឺជាប្រធានបទដែលកម្ពុជាមានបទពិសោធយ៉ាងធំធេង និងជំនាញ ដែលអាចធ្វើការចែករំលែក ដោយទាញចេញពីតថភាពពិតដែលកម្ពុជាបានខិតខំតស៊ូបញ្ចប់ជម្លោះអស់រយៈពេលជាច្រើនឆ្នាំ និងបាននាំមកនូវសន្តិភាព ក៏ដូចជាវិបុលភាព ក្នុងរយៈពេលជាងបីទសវត្សរ៍មកនេះ។ បន្ថែមលើនេះ ការជំរុញឱ្យមានការជជែកដេញដោលគ្នាលើប្រធានបទដ៏សំខាន់ផ្សេងៗទៀត នៅក្នុងជំនួបរបស់ ICAPP នាឆ្នាំនេះ ពិតជាដើរតួនាទីសំខាន់ណាស់ នៅក្នុងស្ថានភាពដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មាន នៅក្នុងនិម្មាបនកម្មភូមិសាស្ត្រនយោបាយតំបន់ និងសកល ស្របពេលដែលភាពតានតឹង និងជម្លោះ កំពុងរីករាលដាលស្ទើរតែពាសពេញពិភពលោក។
ដូចដែលយើងទាំងអស់គ្នាបានដឹងច្បាស់ហើយថា សង្រ្គាម អាចផ្ទុះឡើងយ៉ាងឆាប់រហ័សក្នុងមួយប៉ព្រិចភ្នែក ប៉ុន្តែការបញ្ចប់សង្រ្គាម និងការទទួលបានសន្តិភាព ត្រឡប់មកវិញ ត្រូវការពេលយូរ។ ប្រាកដណាស់ថាការបញ្ចប់សង្គ្រាមជារឿងលំបាក ប៉ុន្តែវាពិបាកជាងនេះទៅទៀតគឺការរកបាននូវសន្តិភាពមួយប្រកបដោយនិរន្តរភាព ព្រោះសន្តិភាព មិនមែនមានន័យថា គ្រាន់តែជាអវត្តមាននៃសង្រ្គាមប៉ុណ្ណោះទេ ហើយកម្ពុជា គឺជាគំរូដ៏ល្អនៃប្រទេសមួយដែលបានឆ្លងកាត់វដ្ដនៃជម្លោះជាច្រើន ពោរពេញដោយការបែកបាក់ផ្ទៃក្នុងអស់ជាច្រើនឆ្នាំ មុននឹងសម្រេចបាននូវសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨។
ខ្ញុំសូមរំលឹកឡើងវិញថា រូបខ្ញុំផ្ទាល់ គឺជាតួអង្គសំខាន់មួយរូប ដែលបានចូលរួមក្នុងការចរចាសន្តិភាពរបស់កម្ពុជា ជាមួយព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ នៅឆ្នាំ១៩៨៧។ ការចរចាដ៏តានតឹង បានប្រើប្រាស់អស់រយៈពេល៤ឆ្នាំ មុនពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា ត្រូវបានចុះហត្ថលេខាដោយភាគីជម្លោះកម្ពុជាចំនួនបួន និងសហគមន៍អន្តរជាតិ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ការសម្រេចបាននូវកិច្ចព្រមព្រៀងនេះ និងការបង្កើតអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់) ត្រូវបានសហគមន៍អន្តរជាតិសារទរ និងបានចាត់ទុកថា ជាជោគជ័យដ៏ធំមួយ និងជាចំណុចរបត់មួយនៅក្នុងប្រវត្តិសាស្ត្រកម្ពុជា ឈានទៅបញ្ចប់សង្គ្រាមស៊ីវិលដ៏យូរអង្វែងដែលបានអូសបន្លាយអស់រយៈពេលប្រមាណមួយទសវត្សរ៍ និងនាំមកនូវសន្តិភាពដល់កម្ពុជា។
ជាអកុសល ការណ៍នេះមិនមែនជាជោគជ័យពិតប្រាកដនោះទេ។ បន្ទាប់ពីបានចំណាយថវិកាអស់ជាងពីរពាន់លានដុល្លារអាមេរិកសម្រាប់បេសកកម្មអ៊ុនតាក់ ដែលត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៣ ប្រទេសកម្ពុជានៅតែជាប្រទេសដែលបែកបាក់ និងជាប់ផុងនៅក្នុងសង្គ្រាមស៊ីវិលដដែល។ រហូតដល់ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈ នយោបាយឈ្នះ-ឈ្នះ របស់ខ្ញុំ ដែលខ្ញុំបានតាក់តែងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពរវាងសន្តិភាព ការផ្សះផ្សាជាតិ និងយុត្តិធម៌អន្តរកាល ខ្ញុំបាននាំមកនូវសន្តិភាពពេញលេញដល់ប្រទេសកម្ពុជា ជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំរបស់ខ្លួន។
[ផ្ដើមសេចក្ដីអធិប្បាយ២]
(២) “សុខចិត្តឲ្យតុលាការបរាជ័យ តែមិនឲ្យប្រទេសកើតសង្រ្គាមឡើងវិញទេ”
ខ្ញុំសូមនិយាយត្រង់ចំណុចនេះបន្តិច។ ប្រសិនបើកម្ពុជាមិនគ្រប់គ្រងលើអធិបតេយ្យរបស់ខ្លួន និងកិច្ចការផ្ទៃក្នុងរបស់ខ្លូនទេ យើងប្រហែលជាអន្តរាយរួចស្រេចទៅហើយ ក្រោមរបៀបវារៈនយោបាយស្ដីពីការកាត់ទោសខ្មែរក្រហមដែលមិនបានគិតទៅដល់ការផ្សះផ្សាជាតិ។ គេលម្អៀងទៅតែមួយជ្រុងលើការកាត់ទោសខ្មែរក្រហម ប៉ុន្តែមិនបានគិតទៅដល់សន្តិភាពទេ។ អ្វីដែលគួរឲ្យសោកស្ដាយគឺគេបានបង្កើតសង្រ្គាមនៅក្នុងប្រទេសរបស់យើង គេបានគាំទ្រខ្មែរក្រហមនៅអង្គការសហប្រជាជាតិ តែដល់ពេលកាត់ទោស គេជំរុញឲ្យយើងកាត់ទោស ដោយមិនគិតទៅដល់ផលវិបាកដែលនឹងអាចកើតឡើងពីការកាត់ទោស។
ខ្ញុំបានប្រាប់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិយ៉ាងច្បាស់ថា «ខ្ញុំសុខចិត្តឲ្យតុលាការនេះបរាជ័យ តែខ្ញុំមិនឲ្យប្រទេសរបស់ខ្ញុំកើតសង្រ្គាមឡើងវិញទេ»។ ត្រូវចងចាំថា ការរួមចំណែករបស់បរទេសណាមួយ ក្នុងក្របខ័ណ្ឌជាអង្គការតំបន់ក្ដី ឬរហូតដល់អង្គការសហប្រជាជាតិក្ដី មិនត្រូវភ្លេចភាពជាម្ចាស់ក្នុងប្រទេសរបស់ខ្លួនទេ។ ពិតមែនហើយយើងត្រូវបំពេញនូវស្តង់ដា។ ប៉ុន្តែអ្វីទៅជាស្តង់ដា? នៅលើលោកនេះ ស្តង់ដាមានតែក្នុងកីឡាប៉ុណ្ណោះ។ មិនមានស្តង់ដានៅក្នុងនយោបាយទេ ហើយក៏គ្មានក្នុងទិដ្ឋភាពផ្សេងៗដែរ។ មានតែកីឡាមួយគត់ ដែលមានស្តង់ដាពិតប្រាកដ។ នយោបាយគ្មានស្តង់ដាទេ។ ពីប្រទេសមួយទៅប្រទេសមួយ មានរបៀបគ្រប់គ្រងខុសៗគ្នា។ នេះជាចំណុចដែលខ្ញុំគួរបញ្ជាក់ប្រាប់។
[ចប់សេចក្ដីអធិប្បាយ២]
សន្តិភាព ក៏តម្រូវឱ្យមានការសម្រុះសម្រួលផ្នែកនយោបាយផងដែរ។ ការផ្សះផ្សាជាតិ តម្រូវឱ្យយើងធ្វើសមាហរណកម្មរបបខ្មែរក្រហមទៅក្នុងសង្គម។ ដើម្បី សម្រេចបាន ខ្ញុំបានផ្តោតសំខាន់លើតម្រូវការសន្តិសុខមនុស្សជាតិជាមូលដ្ឋាន សម្រាប់អតីតយុទ្ធជន និងមេដឹកនាំខ្មែរក្រហម។ ខ្ញុំបានដាក់ចេញនូវគោលការណ៍នយោបាយចំនួនបី៖ ទីមួយ–ការការពារអាយុជីវិត និងសុវត្ថិភាពរបស់អ្នករត់ចោលជួរ និងចុះចូល។ ទីពីរ-ការធានាអាជីព និងមុខរបរ និងទីបី-ធានាកម្មសិទ្ធិទ្រព្យសម្បត្តិរបស់ពួកគេ ។ សមាសធាតុសំខាន់ទាំងបីនេះ ដែលជាមូលដ្ឋានគ្រឹះនៃនយោបាយឈ្នះ-ឈ្នះរបស់ខ្ញុំ បានធ្វើឱ្យខ្ញុំមានលទ្ធភាពលុបបំបាត់អង្គការចាត់តាំងយោធា និងនយោបាយរបស់ខ្មែរក្រហមបានទាំងស្រុង និងដោយសន្តិវិធី រហូតមកដល់បច្ចុប្បន្ន។ ជារួម ការស្វែងរកយុត្តិធម៌យ៉ាងប្រញាប់ប្រញាល់ ដោយមិនបានគិតគូរពីសន្តិភាពជាមុន មិនមែនជាជម្រើសរបស់ខ្ញុំទេ។
[ផ្ដើមសេចក្ដីអធិប្បាយ៣]
(៣) ការធានាអាយុជីវិត, អាជីពនិងមុខរបរ និងកម្មសិទ្ធិលើទ្រព្យសម្បត្តិ ស្នូលនៃនយោបាយឈ្នះ-ឈ្នះ
ខ្ញុំចង់បញ្ជាក់ជូនចំណុចស្នូលនៃនយោបាយឈ្នះ-ឈ្នះ ដែលនាំឲ្យពួកគេអាចទុកចិត្ត ហើយមករួមរស់ជាមួយនឹងរាជរដ្ឋាភិបាល។ ទី១ ត្រូវធានាឲ្យពួកគេនូវអាយុជីវិត និងរូបកាយរបស់គេ។ មានន័យថាពួកគេចុះចូល នឹងមិនត្រូវសម្លាប់ ហើយមិនត្រូវបានជាប់គុកច្រវាក់ទេ។ បើសិនជាយើងមិនធានាទៅលើរឿងនេះទេ តើនរណាសុខចិត្តចុះចូលមករួមជាមួយយើង … ចំណុចទី២ គឺធានាអាជីព និងមុខរបរ។ យើងខ្ញុំគ្មានការភ័យខ្លាចណាមួយទេ។ អ្នកធ្វើកងទ័ពគឺឲ្យធ្វើកងទ័ពដដែល។ ដោះខោអាវខ្មែរក្រហមចេញ ស្លៀកពាក់ខោអាវរាជរដ្ឋាភិបាលចូល ដាក់ច្បាប់របស់រាជរដ្ឋាភិបាល កម្លាំងទាំងនោះក្លាយទៅជាកម្លាំងរបស់រាជរដ្ឋាភិបាលទាំងអស់។ គ្រូពេទ្យឲ្យបន្តធ្វើគ្រូពេទ្យ។ យើងខ្ញុំហ៊ានទុកឲ្យបណ្ដាអង្គភាពថ្នាក់កងពលរបស់ខ្មែរក្រហមទទួលខុសត្រូវទាំងមេទាំងកូនដឹកនាំកម្លាំងបន្តទៀត។ ប៉ុន្តែគេមិនត្រូវអនុវត្តនយោបាយរបស់ខ្មែរក្រហមនោះទេ។ គេអនុវត្តនូវនយោបាយរបស់រាជរដ្ឋាភិបាល។ ការធានានេះវាច្បាស់លាស់ថាគេនឹងអាចមករួមជាមួយយើងបាន។ បន្តទៅ (ទី៣) ធានាកម្មសិទ្ធិលើទ្រព្យសម្បត្តិទាំងអចលនទ្រព្យ និងចលនទ្រព្យរបស់ពួកគេ។ ការធានា៣យ៉ាងនេះ ជាធាតុផ្សំដ៏សំខាន់ ដែលទាញឲ្យបងប្អូនទាំងឡាយផ្ដាច់ខ្លួនចេញពីខ្មែរក្រហម ហើយមករួមរស់នៅក្នុងសង្គមជាតិវិញ។
(៤) អនុវត្តយុទ្ធវិធី DIFID ដើម្បីគោលដៅសន្តិភាពនិងបង្រួបបង្រួមជាតិ
ពិតមែនហើយ មិនមែនជាការហួសហេតុពេកទេ ដែលយើងខ្ញុំប្រើយុទ្ធវិធី ៥តួអក្សរ គឺ DIFID … មានន័យថា បំបែក, ឯកោ, បញ្ចប់, សមាហរណកម្ម, និងអភិវឌ្ឍ។ បើយើងមិនបំបែក តើខ្មែរក្រហមសុខចិត្តឯកោទេ? បើមេខ្មែរក្រហមមិនឯកោ គេនៅតែប្រើកូនទាហានរបស់គេប្រយុទ្ធប្រឆាំងនឹងយើង។ ខ្ញុំគិតថា វាមិនហួសហេតុពេកទេ ដែលយើងត្រូវធ្វើកិច្ចការនេះដើម្បីគោលដៅសន្តិភាព និងការបង្រួបបង្រួមជាតិ។ នៅលើពិភពលោកនេះ មិនទាន់មានប្រទេសណាមួយបញ្ចប់សង្រ្គាមតាមវិធីរបស់កម្ពុជាទេ។ ក្រោយការបញ្ចប់ផ្នែកខាងក្រោមហើយ ផ្នែកខាងលើមកចុះចូលដល់ផ្ទះនាយករដ្ឋមន្រ្តី។ និយាយជាភាសាអង់គ្លេស DIFID គឺDivide, Isolate, Finish, Integrate និង Development។ ៥ តួអក្សរនេះដែលយើងខ្ញុំយកមកអនុវត្ត។ ដើម្បីសម្រេចគោលដៅ យើងត្រូវមានវិធីសាស្រ្តក្នុងការដោះស្រាយបញ្ហា។ ប៉ុន្តែបទពិសោធន៍របស់កម្ពុជាមិនគ្រប់គ្រាន់ដើម្បីឆ្លើយតបទៅនឹងបទពិសោធនៅប្រទេសផ្សេង ប៉ុន្តែអាចគួបផ្សំទៅតាមស្ថានការណ៍ជាក់ស្តែង។ យើងខ្ញុំពុំមានទ្រឹស្តីដែលចេញពីអ្នកណាមកទេ ប៉ុន្តែគឺជាទ្រឹស្តីដែលបានបង្កើតដោយកម្ពុជាខ្លួនឯង និងស្មោះស្ម័គ្រចូលរួមអនុវត្តដោយប្រជាជនកម្ពុជាខ្លួនឯង ដែលយើងខ្ញុំហៅថាជាប្រតិបត្តិករ។ មិនមែនមានតែ ហ៊ុន សែន ម្នាក់នោះទេ។ មាន ទៀ បាញ់ មាន ស ខេង ឬក៏ទាំងអស់គ្នា រហូតទៅដល់បងប្អូនអតីតខ្មែរក្រហម ឬអ្នកគាំទ្រចំពោះនយោបាយនេះ គឺសុទ្ធតែជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ។
[ចប់សេចក្ដីអធិប្បាយ៣]
ជាការពិត ទាំងនេះមិនមែនជាអាទិភាពតែមួយគត់របស់ខ្ញុំនោះទេ។ អាទិភាពផ្សេងទៀតរបស់ខ្ញុំ គឺការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍ ដូចពាក្យដែលថា «គ្មានសន្តិភាព គឺគ្មានការអភិវឌ្ឍ ហើយបើគ្មានការអភិវឌ្ឍ ក៏នឹងគ្មានសន្តិភាពដូចគ្នា»។ គ្មានប្រទេសណាមួយ បានស្គាល់ពីការឈឺចាប់ និងភាពរងទុក្ខពីការដាក់ទណ្ឌកម្ម និងការហ៊ុមព័ទ្ធជាងកម្ពុជានោះទេ។ អស់ជាច្រើនទសវត្សរ៍ បណ្តាប្រទេសដែលអះអាងថា ជាជើងឯកពិភពលោកនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានគាំទ្ររបបខ្មែរក្រហម ក្នុងការប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្ញុំ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។ ជាក់ស្តែង បដិវត្តន៍ពណ៌មួយត្រូវបានប៉ុនប៉ងធ្វើឡើង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
[ផ្ដើមសេចក្ដីអធិប្បាយ៤]
(៥) ប្រើប្រាស់គ្រប់វិធានការទប់ស្កាត់បដិវត្តន៍ពណ៌ មិនឱ្យប្រទេសបែកបាក់សាជាថ្មី
យប់ម៉ិញ ក្នុងការប្រជុំគណៈអចិន្រ្តៃយ៍ ខ្ញុំក៏បានលើកពីបទពិសោធនៃបដិវត្តន៍ពណ៌ដែរ។ បដិវត្តន៍ពណ៌អាចធ្វើបាន។ ថ្មីៗ នេះ គេបានធ្វើនៅប្រទេសបង់ក្លាដែស ហើយគេចង់មកបំផ្លាញនៅកម្ពុជា។ ក៏ប៉ុន្តែ គេត្រូវទទួលស្គាល់ថា នៅទីនេះយើងខ្ញុំបានស្គាល់វិធីសាស្រ្តនៃក្រុមបដិវត្តន៍ពណ៌រួចហើយ។ ពួកគេមិនធ្វើរដ្ឋប្រហារផ្តួលរំលំទៀតទេ។ មិនគាំទ្រការផ្តួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្តែគេប្រើបដិវត្តន៍ពណ៌ជំនួសវិញ តាមរយៈហ្វូងមនុស្សដើម្បីផ្តួលរំលំ។ មុនដំបូង គេត្រូវធ្វើអព្យាក្រឹតូបនីយកម្មកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល។ សម្រាប់យើងខ្ញុំនៅទីនេះ ដើម្បីទប់ស្កាត់បដិវត្តន៍ពណ៌ អនុញ្ញាតឲ្យមានការអព្យាក្រឹត្យរវាងបក្សនយោបាយ និងបក្សនយោបាយ ប៉ុន្តែរវាងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលជាឧបករណ៍របស់រដ្ឋ មិនអាចអព្យាក្រឹត្យបានទេ។ ដូច្នេះ គេក៏មិនអាចធ្វើអ្វីយើងបានដែរ។ យើងត្រូវឈ្លាសវៃនៅក្នុងការគ្រប់គ្រងស្ថានការណ៍ ព្រោះវាមានតម្លៃបំផុត។ បើមិនដូច្នោះទេ ឈាមនឹងត្រូវហូរ ប្រទេសនឹងត្រូវបែកបាក់សាជាថ្មីម្តងទៀត។ ដូច្នេះ យើងមិនញញើតដៃនឹងប្រើប្រាស់វិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ។
[ចប់សេចក្ដីអធិប្បាយ៤]
ខ្ញុំមិនដែលភ្លេចនោះទេ ក្នុងការរម្លឹកប្រទេសដែលហៅខ្លួនឯងថា ជាប្រទេសប្រជាធិបតេយ្យ កុំឱ្យសាងកំហុស ជាលើកទីបីមកលើកម្ពុជា។ លើកទីមួយ គឺនៅពេលដែលពួកគេគាំទ្ររបប លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ នៅឆ្នាំ១៩៧០។ បន្ទាប់មក កំហុសទីពីរ គឺនៅពេលដែលពួកគេទទួលស្គាល់របបខ្មែរក្រហម ហើយអនុញ្ញាតឱ្យរបបនេះកាន់កាប់អាសនៈនៅអង្គការសហប្រជាជាតិ អស់រយៈពេល ១២ឆ្នាំ។
[ផ្ដើមសេចក្ដីអធិប្បាយ៥]
(៦) «កុំសាងកំហុសលើកទី៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្ដីសុខ និងកសាងប្រទេស»
នេះគឺជាការគួរឲ្យសោកស្តាយ។ ពួកអ្នកប្រជាធិបតេយ្យអះអាងថា គោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យប៉ុន្តែបែរជាគាំទ្ររដ្ឋប្រហារ ១៨ មីនា ១៩៧០។ តើមានន័យថាម៉េច? ប្រទេសដែលអះអាងថាគោរពសិទ្ធិមនុស្ស ប៉ុន្តែបែរជាគាំទ្រអាសនៈពួកខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ តើមានន័យថាម៉េច? ដូច្នេះ យើងតែងតែដាស់តឿនគេថា «កុំកសាងកំហុសលើកទី ៣ នៅកម្ពុជា ទុកឲ្យពួកខ្ញុំបានទទួលសេចក្តីសុខ និងកសាងប្រទេស»។ បើទោះបីគេគោរពមិនគោរព ប៉ុន្តែយើងខ្ញុំត្រូវមានការទទួលខុសត្រូវខ្លួនឯងទៅលើការគ្រប់គ្រងស្ថានការណ៍នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីធានាការអភិវឌ្ឍទៅមុខទៀត។
[ចប់សេចក្ដីអធិប្បាយ៥]
ដោយឡែក ចំពោះចក្ខុវិស័យរបស់ខ្ញុំលើសន្តិភាពនៅក្នុងតំបន់ និងសកលវិញ កម្ពុជាពិតជាជឿជាក់យ៉ាងមុតមាំលើការថែរក្សាឱ្យបាននូវសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើបទដ្ឋានដែលទទួលស្គាល់ជាសកល។ ការលើកកម្ពស់ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក គឺជាមាគ៌ាដ៏វែងឆ្ងាយ ក្នុងការធានាឱ្យបានថា សាមគ្គីភាពអន្តរជាតិ ភាពសុខដុមរមនា និងសន្តិសហវិជ្ជមានរវាងប្រជាជាតិ និងប្រជាជាតិ ដែលយើងត្រូវថែរក្សា។
ខ្ញុំដឹងច្បាស់ថា ពិភពលោករបស់យើងពឹងអាស្រ័យ និងមានទំនាក់ទំនងគ្នាទៅវិញទៅមក ហើយខ្ញុំក៏ជឿជាក់ដែរថា សន្តិភាព និងសន្តិសុខក៏ដូច្នោះដែរ។ នៅត្រង់ចំណុចនេះ ខ្ញុំសូមគូសបញ្ជាក់ថា ថ្នាក់ដឹកនាំរដ្ឋាភិបាល រួមទាំងមេដឹកនាំគណបក្សនយោបាយគ្រប់រូប មិនគួរមើលរំលងតម្លៃនៃសន្តិភាពនោះទេ។ យើងត្រូវតែខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់ ដើម្បីស្វែងរកមូលដ្ឋានរួមជាចំណុចចាប់ផ្តើម មុននឹងឈានចូលដល់តុចរចា ក្នុងគោលបំណងបង្រួមភាពខុសគ្នារបស់យើង បន្ធូរបន្ថយភាពតានតឹង និងដោះស្រាយជម្លោះដោយសន្តិវិធី។
ក្នុងន័យដូចថ្លែងខាងលើ និងដោយយោងលើស្មារតីនៃធម្មនុញ្ញ ICAPP ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសនៃមហាសន្និបាត ICAPP លើកទី១២ ខ្ញុំសូមជូនពរឱ្យកិច្ចពិភាក្សារបស់មហាសន្និបាតនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា និងសម្រេចបាននូវលទ្ធផលយ៉ាងត្រចះត្រចង់។
ខ្ញុំសូមអរគុណចំពោះការយកចិត្តទុកដាក់របស់អ្នកទាំងអស់គ្នា៕