សេចក្តីដកស្រង់ សារសំឡេងស្ដីពី ការចាក់វ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ នៅតំបន់ក្រហម នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល
សម្តេចពិជ័យសេនា ទៀ បាញ់, ឯកឧត្តម វង្ស៊ី វិសុទ្ធ, លោកជំទាវ ឱ វណ្ណឌីន ឯកឧត្តម អ៊ិត សារ៉ាត់, ឯកឧត្តម ឃួង ស្រេង ដំណើរការចាក់វ៉ាក់សាំងនៅក្នុងតំបន់ក្រហម គឺប្រព្រឹត្តទៅបានយ៉ាងល្អ ដែលធ្វើឲ្យចំនួនអ្នកចាក់វ៉ាក់សាំងនៅក្នុងក្របខណ្ឌទូទាំងប្រទេស កើនឡើងដល់ជាង ១.៥០០.០០០ នាក់ ដែលត្រូវជាជាង ១៥% នៃចំនួនប្រជាជនដែលត្រូវចាក់។ សម្រាប់នៅក្នុងតំបន់ក្រហម កន្លងទៅគណៈកម្មការចំពោះកិច្ច បានបញ្ជូនវ៉ាក់សាំងចំនួន ៩០ ម៉ឺនដូសទៅ(ក្រុមគ្រូពេទ្យនៃ)កម្លាំងប្រដាប់អាវុធដែលបានចូលទៅចាក់នៅក្នុងតំបន់ក្រហម។ ប៉ុន្តែ ចំនួនប្រជាពលរដ្ឋតួលេខជាក់ស្តែងនៅទីនោះ គឺមានរហូតទៅដល់ជាង ៥២ ម៉ឺននាក់ នេះបើយោងទៅតាមតួលេខដែលខ្ញុំបានទទួល ហើយដែលយើងបានដឹងទាំងអស់គ្នា។ ក៏ប៉ុន្តែ យើងមានវ៉ាក់សាំងត្រឹមតែ ៩០ ម៉ឺនដូសតែប៉ុណ្ណោះ។ ខ្ញុំសូមបញ្ជាក់ថា នៅក្នុងតំបន់ក្រហមនេះ ដរាបណាមិនទាន់ចាក់អស់ប្រជាជន គឺយើងមិនដើរចេញចោលប្រជាជនណាម្នាក់នោះទេ។ ចំនួន ៩០ ម៉ឺនដូសដែលបញ្ជូនចូលទៅនេះ គឺបានប្រជាជនត្រឹមតែជាង ៤០ ម៉ឺននាក់ ប្រសិនបើមានការខូចខាតមួយចំនួន។ តាមធម្មតាតែងតែមានការខូចខាត នោះហើយដែលយើងគិតថាវាអាចបាន ៤៤ ម៉ឺននាក់ទៅចុះ។…