ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ សម្រេចបានជាង៥ពាន់លានដុល្លារកើនជាង១១%
FN ៖ ការធ្វើពាណិជ្ជកម្មទេ្វភាគីរវាងកម្ពុជា-ថៃ ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ សម្រេចបាន ៥.២៤ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានទឹកប្រាក់ ៥.០៨ប៊ីលានដុល្លារអាមេរិក បើទោះបីជាប្រទេសទាំងពីរ កំពុងប្រឈមនឹងវិបត្តិកូវីដ១៩ក៏ដោយ។ នេះបើយោងតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែល Fresh News ទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១នេះ។ របាយការណ៍នេះបានបញ្ជាក់ថា ការនាំចេញរបស់កម្ពុជាទៅថៃពីខែមករា ដល់ខែសីហាមានតម្លៃសរុប ៦២៣លានដុល្លារអាមេរិក និងនាំចូលពីថៃមានតម្លៃសរុប ៤.៦១ប៊ីលានដុល្លារអាមេរិក ដែលបង្កើតឱ្យមានឱនភាពទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរចំនួន ៣.៩៩ប៊ីលានដុល្លារអាមេរិក។ របាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃដដែលបានឱ្យដឹងបន្តថា សម្រាប់នៅក្នុងខែសីហា ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានតម្លៃ៦២៥លានដុល្លារអាមេរិក។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានតម្លៃ ៥៤.៥លានដុល្លារអាមេរិក ថយចុះប្រមាណ ២៥% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៧៣.១លានដុល្លារអាមេរិក។ ចំណែកឯការនាំចូលពីថៃ មានតម្លៃ ៥៧១លានដុល្លារអាមេរិក កើនឡើង ២៨% ធៀបនឹងខែដូចគ្នា នៃឆ្នាំ២០២០ ដែលមានទឹកប្រាក់ ៤៤៥លានដុល្លារអាមេរិក។ ទំនិញដែលកម្ពុជានាំចេញទៅប្រទេសថៃភាគច្រើន គឺផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ…