សារសំឡេង សម្តេចតេជោ ហ៊ុន សែន សម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ចាប់ពីពេលនេះតទៅ
សូមក្រាបថ្វាយបង្គំ ព្រះតេជ ព្រះគុណ ព្រះសង្ឃ គ្រប់ព្រះអង្គជាទីគោរពសក្ការៈ បងប្អូនជនរួមជាតិជាទីគោរពស្រលាញ់ ! បន្ទាប់ពីការដឹកនាំប្រជុំ ដោយឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ដែលជាអនុប្រធានប្រចាំការនៃគណៈកម្មការប្រឆាំង កូវីដ-១៩ រួមជាមួយនឹងមន្រ្តីពាក់ព័ន្ធនានា បានបង្ហាញឲ្យឃើញលទ្ធផល ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេន និងជម្រាបជូនបងប្អូន ដើម្បីជាការអនុវត្តបន្ទាប់ពីការទទួលសារនេះរួចហើយ។ ទី ១ លើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីកន្លែងសាធារណៈ និងទីកន្លែងចំហនានា ក្រៅតែពីទីកន្លែងបិទជិត ដោយទុកឲ្យប្រជាជនធ្វើការសម្រេចចិត្តដោយខ្លួនឯង ពាក់ឬមិនពាក់ម៉ាស់។ ដូច្នេះ មានន័យថា ចាប់ពីម៉ោងដែលបងប្អូនទទួលបាននូវសារសំឡេងនេះ បងប្អូនអាចជ្រើសរើសបានដោយខ្លួនឯង បន្តពាក់ម៉ាស់តទៅទៀត ឬក៏ឈប់ពាក់ម៉ាស់នៅកន្លែងដែលចំហ ក្រៅពីកន្លែងដែលមានការបិទជិត។ អត្ថន័យនៃកន្លែងដែលមានការបិទជិតដែលខ្ញុំព្រះករុណាខ្ញុំ ចង់និយាយ គឺសំដៅទៅលើបន្ទប់នៃការប្រជុំ ដែលមានការបិទជិតហើយប្រើម៉ាស៊ីនត្រជាក់ ឬក៏នៅក្នុងរោងភាពយន្តដែលមានមនុស្សនៅទីនោះ ហើយដែលមានការបិទជិតប្រើដោយម៉ាស៊ីនត្រជាក់។ ក្នុងករណីដែលមានការលំហ ដូចជាការនៅក្នុងអាគារដដែល ប៉ុន្តែមានលំហនៅខាងក្រៅ អាចដោះម៉ាស់ចេញ ហើយកាន់តែច្បាស់ទៅទៀតនៅតាមផ្លូវសាធារណៈ នៅតាមសួនច្បារ នៅតាមកន្លែងកម្សាន្តផ្សេងៗដែលមិនមានការបិទជិតទេនោះ បងប្អូនអាចសម្រេចចិត្តដោយខ្លួនឯង ពាក់ម៉ាស់ឬមិនពាក់ម៉ាស់។ ចំពោះទីតាំងមួយចំនួនផ្សេងទៀត…