សេចក្ដីដកស្រង់ប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន សំណេះសំណាលជាមួយកម្មករ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
(សំណេះសំណាលជាមួយកម្មការិនីមានផ្ទៃពោះ) កាលពី២០១៨ បានមកជួបម្ដងដែរ ក្រោយការបោះឆ្នោត ដើមអាណត្តិទី៦ ថ្ងៃនេះយើងជួបជុំគ្នាសាជាថ្មីម្ដងទៀត បន្ទាប់ពីការជួបកាលពីឆ្នាំ២០១៨។ ប្រហែលជាក្មួយៗនៅចាំថា បើគិតមកដល់ខែវិច្ឆិកា២០១៨ យើងបានជួបគ្នាក្រោយការបោះឆ្នោត។ នោះមិនមែនជាយុទ្ធនាការនៃការបោះឆ្នោតទេ។ បានសេចក្ដីថា រដ្ឋាភិបាលអាណត្ដិទី៦ ដើមអាណត្ដិបានចាប់ផ្ដើមជាមួយនឹងការបន្ដដើរជួបជាមួយកម្មករ/ការិនីបន្ដទៅទៀត។ ក្មួយៗ មួយចំនួនជាប្រធានក្រុម ជាប្រធានផ្នែក ជារដ្ឋបាល ក៏បានទៅជួបពូនៅទីក្រុងភ្នំពេញនោះ។ អ្នកភ្នំពេញ អ្នកកណ្ដាល អ្នកកំពង់ឆ្នាំង អ្នកកំពង់ស្ពឺ ច្រើនបានទៅជួប។ យើងស្វែងយល់អំពីអ្វីទៅជាបញ្ហាប្រឈម អ្វីទៅជាបញ្ហាលំបាករបស់កម្មករ/ការិនី។ យើងធ្វើវេទិកានៅទីនោះប្រមាណជា ៣-៤ ពាន់ នាក់ ហើយបន្ទាប់ទៅបានយើងចុះជួប មួយវេទិកាប្រមាណជាជាង ១ ម៉ឺននាក់។ ជាមធ្យមគឺលើ១ ម៉ឺននាក់។ ជំនួបនោះបានផ្ដល់នូវផ្លែផ្កាអំពីចំណុចមុនជួបនិងក្រោយជួបតើកម្មករយើងបានទទួលអ្វីខ្លះ ដូចឯកឧត្តម អ៊ិត សំហេងបានធ្វើរបាយការណ៍អម្បាញ់មិញ ទាក់ទងជាមួយនឹងការដោះស្រាយបញ្ហានានា? កូវីដ-១៩ ធ្វើឲ្យខកខានជំនួបជុំទី២ជាមួយកម្មករ/ការិនី ខ្ញុំអរគុណចំពោះក្មួយៗ កូនៗ ចៅៗទាំងអស់ដែលនៅទីនេះ ក៏ដូចជាក្របខណ្ឌទូទាំងប្រទេស ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺដ៏កាចសាហាវគឺកូវីដ-១៩។ ពូចង់ផ្ដើមជុំទី២ នៅឆ្នាំ២០២០ ដើម្បីពិនិត្យវឌ្ឍនភាពនិងកិច្ចការទាំងឡាយដែលយើងបានដោះស្រាយ តើអនុវត្ដបានឬអត់? ប៉ុន្ដែអកុសល ឆ្នាំ២០២០ យើងជួបកូវីដ-១៩…