សន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់
ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកសារព័ត៌មានជាទីមេត្រី! ខ្ញុំ និងឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងថ្ងៃនេះ ដែលជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបច្ចុប្បន្ន។ ខ្ញុំមានសេចក្ដីរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនាពេលនេះ។ ទស្សនកិច្ចនេះ គឺជាតឹកតាងបង្ហាញពីមិត្តភាព សាមគ្គីភាព និងភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី។ ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនិងចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអបអរសាទរផងដែរ ទិវាបុណ្យជាតិឯករាជ្យលើកទី ៦២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ ៣១ ខែ សីហា ឆ្នាំ…