ការឃោសនាបក្សប្រជាជន គឺផ្សព្វផ្សាយគោលនយោបាយ និងកម្មវិធីនយោបាយអភិវឌ្ឍឃុំសង្កាត់ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូ ភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ
FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានជួបសំណេះសំណាលជាមួយសកម្មជន វាគ្មិនជាយុវជនគណបក្ស និងក្រុមការងារក្នុងរចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ព្រមទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅខេត្តស្វាយរៀង នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមអរគុណចំពោះក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀង ដែលបានខិតខំរៀបចំពិធីជួបជុំក្នុងលក្ខណៈជាមហាគ្រួសារបក្ស ដោយមានក្រោមការគាំទ្ររបស់គណៈកម្មាធិការ គណបក្សខេត្ត ស្របពេលដែលថ្ងៃនេះ គឺជាថ្ងៃទី២ នៃការប្រកាសបើកដំណើរការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥។ ចាប់ពីថ្ងៃម្សិលមិញមក អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជានៅគ្រប់ ទិសទីពេញផ្ទៃប្រទេស រួមទាំងនៅក្នុងបណ្តាឃុំ-សង្កាត់ទាំង៨០ នៅក្នុងខេត្តស្វាយរៀងផ្ទាល់ បានចេញធ្វើសកម្មភាពក្នុងយុទ្ធនាការឃោសនាយ៉ាងគគ្រឹកគគ្រេង ដែលជាការបង្ហាញឱ្យឃើញនូវកិត្យានុភាព និងកម្លាំងមហាសាមគ្គីដ៏ក្លៀវក្លាស្វាហាប់ សំដៅឈានឆ្ពោះទៅសម្រេចបាននូវជោគជ័យលើសលប់ក្នុងពេលខាងមុខនេះ។ លោកថា «យុទ្ធនាការឃោសនានេះ មានបំណងឱ្យគណបក្សនយោបាយផ្សព្វផ្សាយអំពីគោលនយោបាយ និងកម្មវិធីនយោបាយក្នុងការអភិវឌ្ឍឃុំ-សង្កាត់ដល់អង្គបោះឆ្នោត។ ខុសឆ្ងាយពីយុទ្ធសាស្ត្ររបស់ដៃគូប្រកួតប្រជែងមួយចំនួន ដែលភាគច្រើនផ្តោតលើការវាយប្រហាររិះគន់ខុសការពិត ឬការសន្យាប្រជាភិថុតិ, ចំណុចខ្លាំងដែលជាកត្តាកំណត់ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺការផ្សព្វផ្សាយអំពីស្នាដៃ និងសមិទ្ធផលសំខាន់ធំៗ ដែលគណបក្សខិតខំ សម្រេចបានតាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងដោយមានការបូកសរុប និងវាយតម្លៃច្បាស់លាស់ពីមួយអាណត្តិទៅមួយអាណត្តិ…