ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតបារាំង ប្ដេជ្ញារួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យយោធា
FN៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយ ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំងប្រចាំនៅកម្ពុជា បន្ទាប់ពីការចូលកាន់តំណែងនៅកម្ពុជាចាប់តាំងខែវិច្ឆិកា ឆ្នាំ២០២១មក។ ក្នុងជំនួបនេះ នាដើមសប្ដាហ៍កន្លងទៅនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានលើកឡើងអំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរ ហើយមកទល់ពេលនេះប្រទេសទាំងពីរ ក៏មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ។ ក្នុងនាមប្រជាជនកម្ពុជា លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋបារាំង ដែលកន្លងមកតែងបានជួយជ្រោមជ្រែងកម្ពុជាលើកិច្ចការសំខាន់ៗជាច្រើន រួមមាន៖ ការបង្រួបបង្រួមជាតិកម្ពុជាតាមរយៈតួនាទីជាសហប្រធានសន្និសីទទីក្រុងប៉ារីស, ការបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពមកកម្ពុជា, ការផ្តល់ជំនួយអភិវឌ្ឍន៍ និងអាហារូបករណ៍ដល់និស្សិតកម្ពុជា, ការអភិវឌ្ឍន៍វិស័យច្បាប់ រួមទាំងថវិកាសម្រាប់តុលាការកាត់ទោសខ្មែរក្រហម, ការជួយដល់ដំណើរការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភ័ណ្ឌពិភពលោក, ការផ្តល់ថវិកាសម្រាប់គម្រោងស្រាវជ្រាវជំងឺកូវីដ-១៩ ក៏ដូចជាការគាំទ្រការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ និងកិច្ចខិតខំប្រែងរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងការរកដំណោះស្រាយសន្តិវិធីសម្រាប់បញ្ហាមីយ៉ាន់ម៉ា។ ចំពោះកិច្ចសហប្រតិបត្តិការយោធា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ ដែលស្តែងឡើងតាមរយៈកិច្ចព្រមព្រៀងជាច្រើនទាំងកម្រិតរដ្ឋាភិបាល និងកម្រិតក្រសួងការពារជាតិ ហើយតាមរយៈមូលដ្ឋានទាំងនេះ សកម្មភាពកិច្ចសហប្រតិបត្តិការជាច្រើនត្រូវបានអនុវត្ត ជាអាទិ៍៖ ដំណើរការលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ…