គ.ជ.ប ឯកភាពសំណើបិទផ្លូវ ក្នុងពេលឃោសនាបោះឆ្នោត ក្រោមហេតុផលរក្សាសន្តិសុខ
RFI ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឯកភាពជាគោលការណ៍តាមសំណើរបស់អាជ្ញាធរទីក្រុងភ្នំពេញ ហាមក្បួនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ឆ្លងកាត់មហាវិថីសំខាន់ៗមួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ ចំណែកឯទីតាំងសាធារណៈវិញ ក៏ត្រូវបានហាមក្នុងការជួបជុំផងដែរ។ ទាក់ទងនឹងករណីនេះ អង្គការសង្គមស៊ីវិលមួយចំនួន រួមទាំងគណបក្សប្រឆាំងផង គ្រោងនឹងធ្វើការប្តឹងតវ៉ាជំទាស់។ នៅក្រោមហេតុផល សន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីបញ្ចៀសការកកស្ទះចរាចរផង យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ចាប់ពីថ្ងៃទី ២០ ឧសភា ដល់ថ្ងៃទី ០២ មិថុនាខាងមុខ នឹងមិនអនុញ្ញាតិឲ្យឆ្លងកាត់តាមមហាវិថីសំខាន់ៗមួយចំនួននោះទេនៅក្នុងរាជធានីភ្នំពេញ។ នេះបើយោងតាមសំណើរបស់អាជ្ញាធរក្រុងភ្នំពេញ ផ្ញើទៅកាន់ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨មេសា។ សំណើនេះ បានធ្វើឡើង ដោយផ្អែកតាមលិខិតរបស់ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០១។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ជាគោលការណ៍ គ.ជ.ប បានយល់ស្របទៅនឹងសំណើរបស់អាជ្ញាធររាជធានីភ្នំពេញ ដោយផ្អែកទៅលើទិដ្ឋភាពចំនួនពីរ ទី១.គឺទិដ្ឋភាពច្បាប់ដែលតម្រូវឲ្យគណបក្សនយោបាយដង្ហែក្បួន តែនៅតាមឃុំសង្កាត់ និងទី២.គឺទីតាំង និងផ្លូវសំខាន់ៗទាំងនោះ វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរផ្ទាល់។ តាមលិខិតរបស់អាជ្ញាធររាជធានីភ្នំពេញ កាលពីថ្ងៃទី…