អ្នកនាំពាក្យ គ.ជ.ប អំពាវនាវឲ្យម្ចាស់ស្ថានីយទូរទស្សន៍ ជួលម៉ោងផ្សាយដល់គណបក្សនយោបាយ
RFI ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ ឲ្យចូលរួមជួលម៉ោងផ្សាយដល់គណបក្សនយោបាយទាំង១២ តាមតែអាចធ្វើទៅបាន។ រហូតមកដល់ពេលនេះ មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ បានជូនដំណឹងទៅ គ.ជ.ប អំពីការជួលម៉ោងផ្សាយទៅឲ្យគណបក្សនយោបាយនៅឡើយទេ ខណៈដែលការឃោសនាបោះឆ្នោតឃុំសង្កាត់ជិតមកដល់។ លោកហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១៤ ខែឧសភា ថា រហូតមកដល់ពេលនេះមានតែស្ថានីយវិទ្យុ២ប៉ុណ្ណោះ បានជូនដំណឹងមកគ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនឲ្យទៅគណបក្សនយោបាយសម្រាប់ធ្វើការឃោសនាបោះឆ្នោតនាពេលខាងមុខ។ ស្ថានីយវិទ្យុ២ដែលបានជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយនោះ រួមមានស្ថានីយវិទ្យុFM106.5 និងស្ថានីយវិទ្យុ FM93.5។ ដោយឡែក មិនទាន់មានស្ថានីយទូរទស្សន៍ណាមួយ ប្រកាសឬ ជូនដំណឹងមក គ.ជ.ប អំពីការជួលម៉ោងផ្សាយរបស់ខ្លួនទៅគណបក្សនយោបាយនៅឡើយទេ។ អ្នកនាំពាក្យគ.ជ.ប រូបនេះបានអំពាវនាវ និងជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់ឲ្យចូលរួមទាំងអស់គ្នាក្នុងការជួលម៉ោងផ្សាយឲ្យគណបក្សនយោបាយសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ព្រោះការបោះឆ្នោតនេះ ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រទេសកម្ពុជា។ លោកបន្ថែមថារាល់ការជួលម៉ោងផ្សាយរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងមក គ.ជ.ប ដើម្បីឲ្យការអនុវត្តនេះ ស្របតាមច្បាប់ និងនីតិវិធីនៃការបោះឆ្នោត។ លោកបញ្ជាក់ថាការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ គឺមានសារៈសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ ដែលមានគោលបំណងល្អៗ ក្នុងការអភិវឌ្ឍឃុំ សង្កាត់។…