FN ៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានថ្លែងអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមសហការ ក្នុងការផ្ដល់ព័ត៌មានភ្លាមៗ បើសិនជាសង្កេតឃើញមានកើតជំងឺអ្វីប្លែកៗកើតទៅមនុស្ស និងសត្វងាប់ច្រើនខុសធម្មតា សូមធ្វើការរាយការណ៍ មកក្រសួងសុខាភិបាល ឬនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
តាមរយៈប្រព័ន្ធទូរស័ព្ទ «១១៥» ភ្លាមៗ ។
លោកបានថ្លែងបែបនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយព័ត៌មាន អំពីស្ថានភាពជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដល់ប្រព័ន្ធព័ត៌មាន នៅថ្ងៃទី២៤ ខែកក្កដានេះ នៅមន្ទីរកុមារជាតិ។
លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានថ្លែងទៀតថា បច្ចប្បន្ននេះ ក្រសួងសុខាភិបាល កំពុងសង្កេតគ្រប់ករណី លើមនុស្ស, បសុបក្សី, អប់រំសហគមន៍, បណ្ដុះបណ្ដាល, តាមដាន និងឃ្លាំមើលជាប្រចាំ ដោយសហការជាមួយស្ថានប័នពាក់ព័ន្ធ ដើម្បីទប់ស្កាត់ជំងឺឆ្លងនានាៗកើតមាន និងឆ្លងពីបណ្ដាប្រទេស ពិសេសជំងឺផ្ដាសាយបក្សី និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា ដោយពេលនេះ មានជំងឺផ្ដាសាយបក្សី H5N1 និងH7N9 នៅតែបន្ដកើតមាននៅតាមបណ្ដាប្រទេសលើពិភពលោក។
ទន្ទឹមនឹងពេលនោះ លោកវេជ្ជបណ្ឌិតបានថ្លែងទៀតថា «រហូតមកដល់ពេលនេះ សម្រាប់ជំងឺផ្ដាសាយបក្សីH5N1 បានកើតមាននៅកម្ពុជាយើង តែជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា និងជំងឺផ្ដាសាយបក្សីH7N9 មិនមានវត្ដមាននៅកម្ពុជាឡើយ ដូច្នេះសូមប្រជាពលរដ្ឋ ចូលរួមសហការជាមួយនឹងក្រសួងសុខាភិបាល ដោយពេលបងប្អូនឃើញអ្វីដែលខុសពីធម្មតា ដូចជា មាន់ងាប់ ទាងាប់ ជ្រូក គោក្របី រួមទាំងមនុស្សផងដែរ សូមរាយការណ៍ជាបន្ទាន់ តាមប្រព័ន្ធទូរស័ព្ទ «១១៥» ដោយមិនអស់ថវិកានោះទេ ហើយមន្ដ្រីយើងនឹងចុះត្រួតពិនិត្យភ្លាមៗ ដើម្បីវាយតម្លៃថា មានរោគសញ្ញា និងទប់ស្កាត់ជាបន្ទាន់។ លើសពីនេះ យើងមាននូវមន្ទីរពិសោធន៍ធំចំនួន២ សម្រាប់ធ្វើតេស្ដភ្លាមៗនិងគ្រប់ពេល គឺនៅវិទ្យាស្ថានជាតិ ស្រាវជ្រាវសុខភាពសាធារណៈ និងប៉ាស្ទ័រ ហើយសម្រាប់មន្ទីរពិសោធន៍តូចៗជាបឋម មាននៅ បាត់ដំបង, កំពុងចាម, តាកែវ, សៀមរាប និងស្វាយរៀង»។
លោកវេជ្ជបណ្ឌិត ក៏អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺផ្ដាសាយបក្សី តែងតែកើតឡើង និងឆ្លង ចាប់ពីខែ១២ រហូតដល់ ខែ០៤ ព្រោះ វាជាខែ ដែលសម្បូរបុណ្យទាន ឬកម្មវិធីច្រើន ដូច្នេះមានតម្រូវការសាច់ច្រើន ដែលពេលខ្លះនាំយកពីក្រៅប្រទេស ហើយក្នុង ក៏មានការដើរកំសាន្ដឆ្លងដែន ពីប្រទេសមួយ ទៅកាន់ប្រទេសមួយផងដែរ។
ស្ថានភាពជំងឺផ្ដាសាយបក្សី H5N1 មកលើមនុស្ស គិតត្រឹមខែកក្កដានេះ មានករណីសរុបចំនួន៨៥៩ករណី ក្នុងនោះស្លាប់៤៥៣នាក់ ដែលត្រូវអះអាងដោយ មន្ទីរពិសោធន៍ពី១៦ប្រទេស ទូទៅទាំងពិភពលោក ។សម្រាប់ទៅលើសត្វវិញ ក៏បន្ដកើតមាននៅលើសុបក្សី នៅអាហ្វ្រិក អ៊ឺរ៉ុប និងអាស៊ីផងដែរ ។
គួរបញ្ជាក់ថា ជំងឺផ្ដាសាយបក្សី H7N9 និងជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា មិនទាន់មានវត្ដមាននៅកម្ពុជា នៅឡើយទេ ដូច្នេះទាំងមន្ដ្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រូវចូលរួមសហការណ៍ទាំងគ្នា ដើម្បីទប់ស្កាត់ជំងឺទាំងនេះ កុំឲ្យមាននៅកម្ពុជា ។ដូច្នេះសម្រាប់ប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ជាបន្ទាន់ បើសិនជាសង្កេតឃើញមានរោគសញ្ញាអី្វខុសពីធម្មតា ទាំងនៅលើមនុស្ស និងសត្វ ដោយ ទាក់ទងតាមប្រព័ន្ធទូរស័ព្ទ «១១៥»៕