សារសម្លេង សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋឱ្យរួមគ្នាអនុវត្តន៍វិធានសុខាភិបាលការពារជំងឺកូវីដ-១៩ ពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៥
ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ទៅបោះឆ្នោត កុំភ្លេចប្រើអាល់កុលលាងដៃ រក្សាគំលាត និងពាក់ម៉ាស ថ្ងៃនេះ ជាថ្ងៃហែក្បូនចុងក្រោយ សម្រាប់ការឃោសនា(រកសម្លេងឆ្នោត) ជ្រើសរើស(ក្រុមប្រឹក្សា)ឃុំ/សង្កាត់ អាណត្តិទី ៥។ បន្ទាប់ទៅគឺជាថ្ងៃស្ងប់ស្ងាត់ បន្ថែមទៅដោយសារាចររបស់ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវកុំឱ្យសេពគ្រឿងស្រវឹងនិងលក់គ្រឿងស្រវឹងនៅថ្ងៃបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីទូលប្រគេននិងអំពាវនាវ ចំពោះបងប្អូនជនរួមជាតិ បើទោះបីថា កូវីដ-១៩ ត្រូវបានថមថយ និងអវត្តមានពីប្រទេសរបស់យើងជិត ១ ខែ ទៅហើយក្តី នៅពេលអញ្ជើញទៅបោះឆ្នោត សូមបងប្អូនជនរួមជាតិមេត្តាកុំភ្លេចយកអាល់កុលលាងដៃទៅជាមួយ បើអាចធ្វើបាន(សូមកុំភ្លេច)ពាក់ម៉ាសនិងរក្សាគម្លាតឱ្យបានល្អ ដើម្បីចៀសវាងនូវហានិភ័យកើតឡើងនៅថ្ងៃបោះឆ្នោត ដែលអាចនាំទៅដល់ការឆ្លងឡើងវិញ។ អាល់កុល គឺមានភាពចាំបាច់ ដើម្បីឱ្យបងប្អូនអាចលាងដៃក្រោយពេលបោះឆ្នោតរួច នៅក្រោយពេលដែលយើងកាន់ក្រដាស(សន្លឹកឆ្នោត) (ព្រោះ)យើងមិនដឹងថានៅលើក្រដាសនោះវាមានអ្វីនៅលើនោះ(ទេ)។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ច្បាស់ជាមានវិធានការការពារសុវត្ថិភាព ក៏ប៉ុន្តែយ៉ាងណាក៏ដោយ យើងត្រូវតែគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន។ ពិតមែនតែកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ប៉ុន្តែបើសិនជាយើងពាក់ម៉ាសក៏ជាការល្អ ហើយការរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយក៏គួរតែត្រូវបានធ្វើ។ ថ្ងៃស្អែក គឺជាថ្ងៃប្រមូលផ្តុំប្រជាពលរដ្ឋនៅទូទាំងប្រទេសសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោត។ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ អរគុណចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិទី ៤ កន្លងទៅ ដែលនឹងត្រូវផុតអាណត្តិនៅប៉ុន្មានថ្ងៃខាងមុខនេះ។…