គ.ជ.ប រកឃើញថា ប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណ ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីបានប្រាក់កម្ចី
FN៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់អង្គភាព Fresh News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧នេះថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតទាំងអស់ ក្រសួងមហាផ្ទៃ និងគ.ជ.ប បានរកឃើញថា មានប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ប្រើប្រាស់អត្តសញ្ញាណប័ណ្ណរបស់ខ្លួន ធ្វើជាវត្ថុបញ្ចាំ ឬវត្ថុធានា ដើម្បីទទួលបានប្រាក់កម្ចី។ លោក ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ក្នុងចំណោមប្រជាពលរដ្ឋជិត៤០ម៉ឺននាក់ ដែលមានបញ្ហាពាក់ព័ន្ធ អត់អត្តសញ្ញាណប័ណ្ណនោះ ត្រូវបានដោះស្រាយរួចប្រមាណ៥០%ហើយ ដោយពួកគាត់បានធ្វើ ឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ដើម្បីមានសិទ្ធិបោះឆ្នោតបាន ខណៈប្រមាណ៥០% ស្មើនឹង២០ម៉ឺននាក់ទៀត កំពុងបន្តដោះស្រាយ។ សូមជម្រាបថា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ប្រធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក បានចេញសេចក្តីអំពាវនាវ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ ត្រូវឈប់ទទួលយក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ពីប្រជាពលរដ្ឋ និងត្រូវប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ…