ជប៉ុនផ្តល់ជំនួយ និងកម្ចីប្រមាណ១៤០លានដុល្លារ ដើម្បីអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤ នៅកម្ពុជា, ពិធីប្រគល់ និងទទួលធ្វើឡើង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន
FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាទទួលជំនួយ និងកម្ចីការប្រាក់ទាបប្រមាណ១៤០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍ លើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជា រួមមាន៖ ការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះដែលធ្វើឡើងនេះ បានប្រព្រឹត្តទៅរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ថវិកាជាជំនួយ និងជាកម្ចីការប្រាក់ទាបជាង ១៤០លានដុល្លារអាមេរិក នឹងយកទៅអភិវឌ្ឍន៍លើគម្រោងសំខាន់ៗចំនួន៤ រួមមាន៖ ទី១-ហិរញ្ញប្បទានឥតសំណងសំរាប់ធ្វើឲ្យប្រសើរឡើង មន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដែលក្នុងនោះមានការកសាងមន្ទីរពេទ្យ និងបំពាក់គ្រឿងបរិក្ខារវេជ្ជសាស្រ្ត ដែលចាំបាច់ផ្សេងៗ។ ទី២-ហិរញ្ញប្បទានឥតសំណងសំរាប់ «ធ្វើឲ្យប្រសើរឡើងវិញនូវការការពារទឹកជំនន់ ក្នុងរាជធានីភ្នំពេញតំណាក់កាលទី៤»។ ទី៣-ហិរញ្ញប្បទានឥតសំណងទី៣ គឺសំរាប់គម្រោង «ការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ»។…