សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (ថ្ងៃទី ១)
… (និយាយលេងជាមួយកម្មករ/ការិនី) … ជំនួបធំទី ១ មានអ្នកចូលរួមជាង ២ ម៉ឺននាក់ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត បន្ទាប់ពីឆ្នាំ ២០១៦ កន្លងទៅ ដែលបានមកកាន់ទីនេះ ដើម្បីបា្ររព្វពិធីទទួលនូវរោងចក្រទី ១០០។ ការជួបជុំនៅថ្ងៃនេះ ក៏សុំបញ្ជាក់មុនបន្តិចថា គម្រោងដើមថា ធ្វើនៅក្នុង ខែឧសភា ឯណោះ គឺចំទិវាពលកម្មអន្តរជាតិ ក៏ប៉ុន្តែក៏បានគិតថា ខែឧសភានៅតំបន់មាត់សមុទ្រមានភ្លៀងធ្លាក់(ច្រើន)។ ក្រោយមកក៏បានគិតថា នឹងយកថ្ងៃទី ៣០ និង ៣១ ខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅនេះ ធ្វើជាថ្ងៃជួបជុំគ្នាជាមួយនឹងកម្មករ/ការិនីនៅតំបន់សេដ្ឋកិច្ចពិសេសនេះ ប៉ុន្តែក៏បានគិតទៅដល់ការលំបាកជាមួយនឹងមន្រ្តីរាជការរបស់យើង ក្នុងហ្នឹងក៏មានកងអង្គរក្សផងដែរ ដែលក្នុងមួយឆ្នាំគឺមានតែមួយពេលទេ នៃការឆ្លងឆ្នាំ។ ដូច្នេះ ក៏ផ្អាកកម្មវិធីនោះទុកវិញ។ ថ្ងៃនេះ ជួបកម្មករ/ការិនី ដែលមានទំហំធំបំផុតនៅក្នុងពេលវេលា ដែលបានជួបកន្លងទៅ។ យើងជួបត្រឹមតែ ១៥.០០០-១៧.០០០ នាក់ ប៉ុន្តែថ្ងៃនេះ យើងជួបរហូតទៅដល់ជាង ២០.០០០ នាក់ ឯណោះ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។…