FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តស្មារតីលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជា។ នេះបើយោងសារលិខិតរបស់សម្តេចតេជោ ក្នុងឱកាសទិវាអក្ខរកម្មជាតិ ថ្ងែទី០៨ កញ្ញា ឆ្នាំ២០១៨។
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញានេះបានដកស្រង់នូវសេចក្តីអំពាវនាវចំនួន៨ចំណុចរបស់សម្ដេចតេជោដូចជា៖
ទី១៖ ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរៀបចំគោលនយោបាយ ក្របខណ្ឌច្បាប់ បទដ្ឋាន និងយន្ដការចាំបាច់ដើម្បីដឹកនាំគ្រប់គ្រង និងអនុវត្តឲ្យមានប្រសិទ្ធភាព និងគុណភាព ធានាបាននូវលទ្ធភាពទទួលបានការសិក្សាពេញមួយជីវិត សម្រាប់ប្រជាជនគ្រប់រូប និងស្របទៅនៅបរិការណ៍ថ្មី នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២៖ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សាមណ្ឌលសិក្សា ទីវត្តអារាមទាំងអស់ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងខាងផ្នែកអក្ខរកម្ម និងវិជ្ជាជីវៈ ឲ្យកាន់តែសម្បូរបែប និងមានភាពបត់បែនឆ្លើយតបនឹង តម្រូវការអ្នកសក្សា ដើម្បីផ្ដល់សេវាអប់រំមួយជីវិត ទាំងសេវាអប់រំក្នុងប្រព័ន្ធ អប់រំក្រៅប្រព័ន្ធ និងអប់រំមិនផ្លូវការដល់ប្រជាជនគ្រប់រូប។
ទី៣៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចូលរួមគាំទ្រឲ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលសិក្សា ហេដ្ឋារចនាសម្ព័ន្ធ និងទីកន្លែងសិក្សាព្រមទាំងជំរុញប្រជាជន ដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឲ្យមានឱកាសទទួលបានការរៀនសូត្រជាថ្មី នៅតាមកម្មវិធីអប់រំក្រៅប្រព័ន្ធគ្រប់រូបភាព ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួល ដល់ប្រជាជនដែលមានពិការភាពឲ្យ ទទួលបានលទ្ធភាពក្នុងការសក្សារៀនសូត្រ។
ទី៤៖ ប្រព័ន្ធផ្សព្វផ្សាយទាំងអស់រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រព័ត៌មានរបស់រដ្ឋ និងឯកជន សូមជួយផ្សព្វផ្សាយ និងបញ្រ្ជាបឲ្យបានការតែទូលំទូលាយ អំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដើម្បីឲ្យប្រជាជនយើងកាន់ តែមានការយល់ដឹងកាន់តែច្រើនអំពី «អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត»។
ទី៥៖ ក្មួយៗជាសិស្ស និស្សិតតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រុមយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាយរីទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជា ត្រូវចូលរួមឲ្យកាន់តែសកម្មក្នុងការចុះជួយបង្រៀនដោយស្ម័គ្រចិត្ត នៅតាមមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលស្ថិតក្នុងមូលដ្ឋានរបស់ក្មួយៗរស់នៅ។ ចំណែក បងប្អូនជនរួមជាតិដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល ក៏សូមជួយជំរុញបងប្អូនកូនចៅឲ្យបានចូលរៀនតាមសាលារៀនចំណេះទូទៅគ្រប់ៗគ្នា។ ដោយឡែកក្មួយៗ និងបងប្អូនដែលពុំទាន់ចេះអក្សរ ឬបោះបង់ការសិក្សាចូរខិតខំប្រឹងប្រែងរៀនសូត្រ នៅតាមថ្នាក់អក្ខរកម្មថ្នាក់សមមូល និងមជ្ឈមណ្ឌលសិក្សាសហគមន៍ ដែលនៅជិតភូមិឋានរបស់ខ្លួន។
ទី៦៖ វត្តអារាម និងវិហារសាសនា នានាត្រូវចលនាព្រះសង្ឃ បព្វជិតសាសនា តាជី ដូនជី ចូលរួមជំរុញកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ឲ្យកាន់តែខ្លាំងក្លាថែមទៀត តាមរយៈការទេសនាអប់រំ អំពីសារៈប្រយោជន៍នៃការរៀនសូត្រ អំពីសីលធម៌ និងលើកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល។
ទី៧៖ ដៃគូអភិវឌ្ឍ និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែខ្លាំងថែមទៀត ក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនានា ជាពិសេសកម្មវិធីអក្ខរកម្មផ្សារភ្ជាប់នឹងការអប់រំវិជ្ជាជីវៈឲ្យមានដំណើរការល្អជាប់ជាប្រចាំ។
ទី៨៖ ប្រធានរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន សូមជួយសហការ និងបង្កលក្ខណៈក្នុងការបើកថ្នាក់អក្ខរកម្ម គួបផ្សំជាមួយថ្នាក់បំប៉នមុខជំនាញវិជ្ជាជីវៈផ្សេងៗដល់បងប្អូនកម្មករ កម្មការិនី ដើម្បីជាប្រយោជន៍របស់ពួកគេផង និងជាប្រយោជន៍ម្ចាស់រោងចក្រ សហគ្រាសផង ដោយយើងទាំងអស់គ្នាត្រូវចង់ចាំថា «មានអក្ខរកម្ម មានការគិតគូរនិងការសម្រេចចិត្តបានត្រឹមត្រូវ» «មានអក្ខរកម្មនាំឲ្យ សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន» «មានអក្ខរកម្ម មានសុខដុមជីវិតបុគ្គល និងសង្គម»។
សម្ដេចតេជោបានបញ្ជាក់ថា ក្នុងឆ្នាំនេះ ទិវាអក្ខរកម្មជាតិ០៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត» ជាមួយនឹងចក្ខុវិស័យ អភិវឌ្ឍន៍ប្រជាជនកម្ពុជាគ្រប់រូបឲ្យទទួលបាន ឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខសុមជីវតបុគ្គល និងសង្គម។
ទស្សនាទាននៃប្រធានបទនេះ មិនត្រឹមតែការរៀនអក្ខរកម្ម ចេះអក្សរ ចេះលក្ខនព្វន្ដប៉ុណ្ណោះទេ គឺបានគិតគូរដល់ឱកាសក្នុងការទទួលបានចំណេះដឹង ចំណេះធ្វើ សហគ្រិនភាព ជំនាញវិជ្ជាជីវៈ និងនវានុវត្តគ្រប់ផ្នែក គ្រប់វិស័យ ពិសេសអក្ខរកម្មបច្ចេកវិទ្យា ដែលសព្វថ្ងៃកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស៕